(ភ្នំពេញ)៖ កម្ពុជា និងប្រទេសអេស្ប៉ាញ បានបង្ហាញនូវក្តីព្រួយបារម្ភដូចគ្នាចំពោះវិបត្តិពិភពលោកនាពេលបច្ចុប្បន្ន និងបានយល់ស្របគ្នាថា ការដោះស្រាយវិបត្តិសាកលនេះ ទាមទារឱ្យមានកិច្ចសហការគ្នាជាចាំបាច់។
ទស្សនៈស្របគ្នាចំពោះវិបត្តិពិភពលោកនេះ ត្រូវបានលើកឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី គ្រីស្ទីណា អាហ្គីឡា ភារីធារីស្តីទីនៃស្ថានទូតអេស្ប៉ាញ ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Pfizer ចំនួន ៣០ម៉ឺនដូស នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ។
ក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតគូសរំលេចថា បើទោះបីស្ថានភាពជំងឺកូវីដ១៩ បានថមថយ តែមិនទាន់បានបញ្ចប់នៅឡើយ ហើយសកលលោកទាំងមូល ក៏បាននិងកំពុងជួបប្រទះនឹងបញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភជាច្រើនផ្សេងទៀត ដែលអាចបន្ទច់បង្អាក់សន្ទុះនៃការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចសកល។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ បានបង្កឱ្យមានអតិផរណាខ្ពស់ នៅគ្រប់ទីកន្លែង ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបានជំរុញឱ្យធនាគារកណ្តាល ត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់ការបន្តកើនឡើងនៃអតិផរណា។ ជាងនេះទៅទៀត អតិផរណាខ្ពស់ ក៏បាននិងកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើង មកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនផងដែរ។
សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះ «ស្ថិតក្នុងកាលៈទេសៈដ៏លំបាក និងពិបាកប៉ាន់ប្រមាណនេះ យើងត្រូវការជាចាំបាច់នូវកិច្ច-សហប្រតិបត្តិការ និងការចេះជួយគ្នាទៅវិញទៅមកជាងពេលណាៗទាំងអស់។ ក្នុងស្មារតីនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យមានការចាត់ទុកសុខុមាលភាពរបស់ប្រជាជន និងសុខភាពសាធារណៈ ជាអាទិភាពខ្ពស់បំផុត ប្រកាន់ខ្ជាប់ជានិច្ចនូវស្មារតីជួយគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ»។
នៅចំពោះមុខភារធារីនៃស្ថានទូតអេស្ប៉ាញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញការតាំងចិត្តផងដែរ ក្នុងនាមជាប្រធានអាស៊ាន នៅក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងខិតខំពង្រឹងសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ាន ក៏ដូចជារវាងអាស៊ាន-សហភាពអឺរ៉ុប និងរវាងអាស៊ាន-អេស្ប៉ាញ។
មានទស្សនៈដូចនឹងសម្តេចតេជោផងដែរលើវិបត្តិពិភពលោកនេះ លោកស្រី គ្រីស្ទីណា អាហ្គីឡា បានលើកឡើងថា ពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើន ហើយចាំបាច់ត្រូវការកិច្ចសហការគ្នាជាងពេលណាៗទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែង សម្តៅកសាងត្រឡប់មកវិញឱ្យកាន់តែប្រសើរ។
លោកស្រី គ្រីស្ទីណា អាហ្គីឡា តាមនាមឱ្យរដ្ឋាភិបាលអេស្ប៉ាញ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ក្នុងវេទិកាអង្គការសហប្រជាជាតិ និងតួនាទីជាប្រធានអាស៊ាន។ លោកស្រី ក៏បានជូនពរឱ្យកម្ពុជាទទួលបានជោគជ័យក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យតំបន់ក្លាយទៅជាកន្លែងប្រកបដោយសន្តិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា។
សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំមួយរូបដែលមិនសំចៃមាត់នោះឡើយក្នុងការបង្ហាញទស្សនៈនានាជុំវិញវិបត្តិរបស់ពិភពលោក ដែលបង្កើតឡើងដោយការប្រជែងឥទ្ធិពលរបស់ប្រទេសមហាអំណាច ក៏ដូចជាវិបត្តិកើតចេញពីសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ព្រមទាំងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាជាដើម។
ឆ្លើយតបវិបត្តិកើតចេញពីការពង្រីក និងប្រជែងឥទ្ធិពលរបស់ប្រទេសមហាអំណាច សម្តេចតេជោ ហ៊ុន សែន តែងលើកក្នុងវេទិកាតំបន់ និងអន្តរជាតិនានា ពីហានិភ័យ និងផលលំបាកសម្រាប់ពិភពលោក។ សម្តេចតេជោ ក៏តែងអំពាវនាវឱ្យប្រទេសក្នុងពិភពលោកពង្រឹងឡើងវិញនូវនយោបាយពហុភាគីនិយម និងចៀសវាងការអនុវត្តន៍នយោបាយឯកតោភាគីនិយម។
ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន បើទោះបីកម្ពុជាបោះឆ្នោតប្រឆាំងការឈ្លានពានរបស់រុស្ស៉ី តែសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីផលលំបាកនៃការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៉ី និងបានស្នើប្រទេសដាក់ទណ្ឌកម្មលើរុស្ស៉ី ឱ្យពិចារណាលើវិធានការរបស់ពួកគេ។
ដោយឡែកបញ្ហារបស់មីយ៉ាន់ម៉ា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការសម្របសម្រួល និងស្វែងរកដំណោះស្រាយលើវិបត្តិនយោបាយនៅក្នុងប្រទេសនេះ។ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរដោយផ្ទាល់ទៅកាន់ប្រទេសនៅដើមឆ្នាំ២០២២ ក្រោយពេលក្លាយជាប្រធានអាស៊ាន។ បន្ថែមពីលើនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាន បានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ចំនួនពីរដងផងដែរ។
ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញនូវក្តីរីករាយជាខ្លាំងផងដែរ ចំពោះលទ្ធផលដ៏ល្អប្រសើរចំពោះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងកាលៈទេសៈដែលពិភពលោកចាក់ស្រេះដោយបញ្ហា តែកម្ពុជា ក្នុងជាអ្នករៀបចំកិច្ចប្រជុំនេះ បានអញ្ជើញគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៃជម្លោះមកអង្គុយជជែកគ្នារកដំណោះស្រាយ។ សម្តេចតេជោ បានបង្ហាញការកោតសរសើរចំពោះសមត្ថភាព និងភាពប៉ិនប្រសប់របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឧបត្តមមន្ត្រី ក្នុងការរៀបចំនូវកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ៕