(ភ្នំពេញ)៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បានទទួលរួចហើយនូវសារលិខិតជូនពរក្នុងឱកាសខួបកំណើតគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ តាមរយៈសារលិខិត បណ្តាញផ្សព្វផ្សាយសង្គម និងប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន Fresh News។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេច ឯឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ សម្រាប់ការជូនពរសព្ទសាធុការប្រកបដោយអត្ថន័យ និងការស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុត។
ទន្ទឹមនឹងការថ្លែងអំណរគុណ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក៏សូមគោរពជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ដើម្បីរួមចំណែកក្នុងការដឹកនាំ និងកសាងប្រទេសកម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើនជឿនលឿនទៅមុខជាបន្តបន្ទាប់ទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកមេត្តាប្រោសព្រំជូន សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសព្ទសាធុការពរ សិរីមហាប្រសើរ ពិសេសអាយុយឺនយូរ និងសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា នៅក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន មានថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ រួមមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅតាមក្រសួងស្ថាប័នជាច្រើន បានផ្ញើសារចូលរួមអបអរសាទរក្នុងថ្ងៃប្រកបដោយមហានក្ខតឫក្ស និងជ័យមង្គលនេះ៕