(ភ្នំពេញ)៖ លោកស្រី គ្រីស្ទីណា អាហ្គីឡា (Cristina Aguilar) ភារៈធារីស្តីទីនៃស្ថានទូតព្រះរាជាណាចក្រអេស្ប៉ាញ បានថ្លែងអបអរសាទចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានគ្រប់គ្រងស្ថានការណ៍កូវីដ១៩ ប្រកបដោយជោគជ័យ និងទទួលបានការកោតសរសើរ យ៉ាងទូលំទូលាយ។
លោកស្រី គ្រីស្ទីណា អាហ្គីឡា បានលើកឡើងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ ក្នុងឱកាសនាំយកអំណោយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់កុមារចំនួន ៣០០,០០០ដូស ប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព។
លោកស្រី គ្រីស្ទីណា អាហ្គីឡា បានលើកឡើងដូចនេះថា «ខ្ញុំសូមសំដែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋ មន្ត្រី ដែលបានគ្រប់គ្រង់ស្ថានការណ៍កូវីដ១៩ ប្រកបដោយជោគជ័យ និងទទួលបានការកោតសរសើរយ៉ាងទូលំទូលាយ។ សម្រាប់ប្រទេសអេស្ប៉ាញនេះ គឺជាកិត្តិយស ដើម្បីជួយគាំទ្រដល់ពលរដ្ឋកម្ពុជា និងដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជា ក្នុងកិច្ចប្រឹងប្រែងប្រកបដោយប្រសិទ្ធភាព ក្នុងការធានាសុវត្ថិភាពខ្ពស់បំផុត ជូនប្រជាពលរដ្ឋរបស់ខ្លួន រួមទាំងជនបរទេសដែលពុំមានសញ្ជាតិកម្ពុជាផងដែរ»។
លោកស្រី បានអះអាងទៀតថា ប្រទេសអេស្ប៉ាញបានតាមដានដោយយកចិត្តទុកដាក់ពីការអភិវឌ្ឍ និងសមិទ្ធផលដែលសម្រេចបាននៅក្នុងប្រទេសឧត្ដមក្រោមការ ដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
លោកស្រី គ្រីស្ទីណា អាហ្គីឡា បានបញ្ជាក់ទៀតថា ប្រទេសអេស្ប៉ាញក្នុងនាមជាសមាជិករបស់សហភាពអឺរ៉ុប និងជាផ្នែកមួយនៃក្រុមអឺរ៉ុបសម្រាប់ការឆ្លើយតបរួមក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មានទឹកប្រាក់ចំនួន ៤៤៣លានអឺរ៉ូ ដែលក្នុងនោះរួមមាន ការវិភាជន៍ថវិកាថ្មី ថវិកាកំពុងអនុវត្តក្នុងគំរោង នឹងថវិការតំរង់ទិសថ្មី ដោយផ្ដោតលើអាទិភាពសំខាន់ ចំាបាច់ចំនួន៣ មានការគាំទ្រ ផ្នែកសុខភិបាល, ការួមចំណែកដល់ការឧបត្ថម្ភគាំទ្រចំពោះប្រជាពលរដ្ឋ ជីវភាពរស់នៅនិងការងារ និងគាំទ្រដល់ការស្ដារសេដ្ឋកិច្ច និងការបង្កើតការងារ។
លោកស្រី គ្រីស្ទីណា អាហ្គីឡា បានបន្ថែមថា ក្រុមអឺរ៉ុបកំពុងរួមចំណែកក្នុងការពង្រឹងផ្នែកសំខាន់ៗនៃវិស័យសេដ្ឋកិច្ច និងបានចួលរួមក្នុងការវិនិយោគទុនសាធារណៈ សំរាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រសិទ្ធភាពថាមពលនឹងការស្ដារឡើងវិញប្រកបដោយភាពបៃតងផងដែរ៕