(សៀមរាប)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសចាត់វិធានការយ៉ាងម៉ឹងម៉ាត់ និងគ្មានការអនុគ្រោះនោះឡើយ ចំពោះសំណង់ខុសច្បាប់ទាំងឡាយនៅក្នុងតំបន់ការពាររមណីយដ្ឋានអង្គរ។ ក្រសួង ក៏បានបញ្ជាឱ្យម្ចាស់សំណង់ខុសច្បាប់ទាំងអស់ នៅក្នុងរមណីយដ្ឋានអង្គរត្រូវរុះរើចេញ។
ការប្រកាសនេះ បានធ្វើឡើងក្នុងពិធីបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ។ ពិធីបានធ្វើឡើងក្រោមអធិបតីភាព លោកឧនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
ពិធីនេះ ក៏មានការចូលរួមពីលោកស្រីបណ្ឌិតសភាចា្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានក្រុមការងារតម្រង់ទិស លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាអនុប្រធានក្រុមការងារតម្រង់ទិស និង លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើឡើងបន្ទាប់ពីពិធីបើកយុទ្ធនាការនេះ បានគូសរំលេចពីការបើកនូវយុទ្ធនាការ និងចំណាត់ការមួយយ៉ាងម៉ឺងម៉ាត់ក្នុងការរំដោះយកដីក្នុងតំបន់ការពាររមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា។
ក្នុងសេចក្តីប្រកាសព័ត៌មានបានគូសរំលេចថា កម្ពុជាក្នុងនាមរដ្ឋសមាជិក មានភារកិច្ចរក្សាការពារតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណ និងដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកលនៃសម្បត្តិបេតិកភណ្ឌពិភពលោកសម្រាប់មនុស្សជាតិទាំងមូល។ ក្នុងសេចក្តីប្រកាសព័ត៌មាន ក៏បានសង្កត់ធ្ងន់ទៀតថា តំបន់រមណីយដ្ឋានអង្គរ ដែលបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកឆ្នាំ១៩៩២ មានទំហំ ៤០១គីឡូម៉ែត្រការ៉េ ជាតំបន់ដែលចាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវរក្សាការពារដាច់ខាត មិនអាចកាត់ឆ្វៀលបានឡើយ។
តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងរៀបចំដែនដី បានលើកបង្ហាញថា នាដើមឆ្នាំ២០២២ មានអ្នកឆ្លៀតឱកាសសាងសង់សំណង់ខុសច្បាប់រាប់រយករណី បន្ថែមពីលើករណីសំណង់ខុសច្បាប់ជាច្រើនទៀតដែលបានរំលោភបំពាន នាពេលកន្លងមក ក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ។
ក្រសួងបានដាក់លក្ខខណ្ឌដាច់ណាត់ឱ្យម្ចាស់សំណង់ខុសច្បាប់ទាំងអស់នេះ ត្រូវរុះរើចេញជាបន្ទាន់ដោយផ្ទាល់ខ្លួន។ ទន្ទឹមនេះ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បន្តចាត់វិធានការទប់ស្កាត់ការសាងសង់ រុះរើសំណង់ខុសច្បាប់ ហាមឃាត់ការទិញលក់ដីនិងផ្ទះគ្រប់ប្រភេទ និងមិនផ្តល់លិខិតគតិយុត្តផ្សេងៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាដាច់ខាត។
ក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឱ្យដឹងថា ក្នុងឧទ្យានជាតិអង្គរសព្វថ្ងៃមានសំណង់ខុសច្បាប់ជាង ៨ពាន់ករណី។ រយៈពេល៣ខែចុងក្រោយនេះ សំណង់ខុសច្បាប់ថ្មីកើតឡើងសរុប ៣៩៨ករណី ក្នុងនោះបានរុះរើចេញចំនួន ជាង ២០០ករណី។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានព្រមានចាត់វិធានការច្បាប់ ចំពោះអ្នកចេញតវ៉ាការពារសំណង់ខុសច្បាប់ទាំងនេះផងដែរ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការរក្សាតំបន់បេតិកភណ្ឌអង្គរតាមលក្ខខណ្ឌរបស់អង្គកាយូណេស្កូកំណត់។ លក្ខខណ្ឌរបស់អង្គកាយូណេស្កូ ទាមទារឱ្យកម្ពុជា ជាម្ចាស់សម្បត្តិរមណីយដ្ឋានអង្គរ ត្រូវរក្សាឱ្យនូវទម្រង់ និងលក្ខខណ្ឌទាំងឡាយ បើមិនដូច្នោះទេរមណីយដ្ឋានអង្គរអាចនឹងត្រូវដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។
ឈរលើស្មារតីនេះ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ដោយឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាប្រធាន លោក ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប ជាអនុប្រធាន អមដោយសមាជិក ១០រូបផ្សេងទៀត ដើម្បីចុះវ៉ាស់វែង កំណត់អត្តសញ្ញាណដី និងបោសសំអាតសំណង់ខុសច្បាប់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា។
្ធយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មានរយៈពេល១៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១៨ ខែសីហា តទៅ។ យុទ្ធនាការនេះមានមន្ត្រីពាក់ព័ន្ធចូលរួមសរុបជាង ៧០០នាក់ ក្នុងនោះក៏មានមន្ទីររៀបចំដែនដីតាមបណ្ដាខេត្តមួយចំនួនទៀតចូលរួមផងដែរ មានដូចជាកំពង់ធំ កំពង់ចាម បាត់ដំបង សៀមរាប និងបន្ទាយមានជ័យ។ ការចុះវាស់វែង និងកំណត់អត្តសញ្ញាណនេះធ្វើឡើងនៅក្រុង ស្រុកទាំង៥ ដែលស្ថិតក្នុងតំបន់រមណីដ្ឋានអង្គរ មានក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកអង្គរធំ និងស្រុកពួក។
ឯកសារស្ថិតិប្រជាពលរដ្ឋស្ថិតក្នុងតំបន់ការពារទី១ និងការពារទី២ នៃរមណីយដ្ឋានអង្គរដែលរៀបចំដោយអាជ្ញាធរជាតិអប្សរានាឆ្នាំ២០០៤-២០០៥ នឹងត្រូវប្រើប្រាស់ជាឯកសារគោល ដើម្បីពិនិត្យការកាន់កាប់ដី និងសំណង់ស្របច្បាប់ ឬមិនស្របច្បាប់ក្នុងរមណីយដ្ឋានអង្គរ។
ក្រុមការងារតម្រង់ទិសពិនិត្យលទ្ធភាពផ្តល់ដីនៅតំបន់អភិវឌ្ឍន៍រុនតាឯក សម្រាប់ដោះស្រាយជាយថាហេតុ ជូនប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌក្នុងការទទួលបាននៅទីតាំងលំនៅថ្មី។ ចំពោះអ្នកបន្តទន្រ្ទានដីក្នុងតំបន់នេះ និងអ្នកមិនរុះរើសំណង់ខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ក្រុមការងារតម្រង់ទិសបានអំពាវនាវបងប្អូនប្រជាពលរដ្ឋនិងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ផ្តល់កិច្ចសហការជាមួយក្រុមការងារបច្ចេកទេសដែលចុះបំពេញភារកិច្ចនៅគ្រប់គោលដៅក្នុងតំបន់រមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ៕