(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ ក្រោមការយកចិត្តទុកដាក់ និងព្រួយបារម្ភចំពោះបងប្អូនប្រជាពលរដ្ឋ នៅបញ្ហាទឹកជំនន់ ទឹកភ្លៀងដែរកំពុងលិចនៅតាមកន្លែងមួយចំនួន នៅក្នុងក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមកាងារមន្ត្រីរដ្ឋបាលក្រុង អាជ្ញាធរមូលដ្ឋាន នាំយកគ្រឿងចក្រផ្ទាល់របស់លោក អភិបាលក្រុង ចុះស្តារប្រឡាយ។
សកម្មភាពនេះ ក្នុងគោលបំណង បញ្ជៀសទឹកជំនន់ទឹកភ្លៀងចំនួន២ទីតាំង៖ ទីតាំងទី១ ត្រង់ចំណុច ក្បែវត្តផ្សារកណ្ដាល និងទីតាំងទី២ ត្រង់ចំណុច ភូមិសមាគមផ្លូវរថភ្លើង ដែលស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល។
ឆ្លៀតក្នុងឱកាសនោះ លោក គាត ហ៊ុល បានបញ្ជាក់ថា ផុតរដូវវស្សាឆ្នាំនេះ លោកនឹងណែនាំឲ្យរដ្ឋបាលសង្កាត់ ធ្វើការសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋ រៀបចំប្រព័ន្ធលូរំដោះទឹកឡើងវិញ និងសំណូមពរឲ្យរក្សាទុកចំណីផ្លូវ ប្រឡាយទឹកជាចាំបាច់ជៀសវាងមានការរំលោភបំពាន ពីសំណាក់ជនខិលខូចមួយចំនួន បង្កជាផលលំបាកធ្វើឲ្យប៉ះពាល់ ដល់ហេដ្ឋារចនាសម្ព័ន្ធរួមក្នុងមូលដ្ឋាន៕