(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ បានផ្ញើលិខិតជូនពរ នាយឧត្ដមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ក្នុងឱកាសចម្រើនជន្មាយុ ប្រកបដោយពរជ័យសិរីមង្គលមហាប្រសើរដ៏ថ្លៃថ្លា នៅថ្ងៃនេះ។

ក្នុងលិខិតរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ផ្ញើជូននាយឧត្ដមសេនីយ៍ ប៉ុល សារឿន បានលើកឡើងថា ខ្ញុំ និងភរិយា សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ ចូលរួមអបអរសាទរដោយសេចក្តីស្រឡាញ់ រាប់អានដ៏ជ្រាលជ្រៅ ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ សូមជូនពរជ័យ បវរសួស្តី វិបុលសុខជូន ឯកឧត្តម នាយឧត្តមសេនីយ៍ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង មានអាយុយ៉ឺនយូរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ជាថ្នាក់ដឹកនាំមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ពុះពារឧបសគ្គគ្រប់បែបយ៉ាងសម្រេចបាននូវស្នាដៃជាច្រើន ក្នុងបេសកកម្មការពារថែរក្សាសន្តិភាព បូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនជាតិមាតុភូមិ និងតែងតែចូលរួមជាវិភាគទានជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយរាល់បញ្ហាលំបាក
ផ្សេងៗចំពោះមុខ។

ខ្ញុំ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ បវរសួស្តីសិរីជ័យមង្គលគ្រប់ប្រការជូន ឯកឧត្តម នាយឧត្តមសេនីយ៍ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម នាយឧត្តមសេនីយ៍ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា៕