(ភ្នំពេញ)៖ និស្សិតឆ្នើមមួយរូបរបស់កម្ពុជាកញ្ញា អន ម៉ូនីតា ដែលតែងទទួលបានការកោតស្ងប់ស្ងែងជាមួយនឹងសមត្ថភាពលេចធ្លោក្នុងវិស័យសិក្សានៅប្រទេសស្វីស ព្រមទាំងទទួលបានមេដាយ និងពានរង្វាន់ពីការ ប្រកួតប្រជែងជាច្រើននោះ រួមជាមួយសប្បុរសជនបរទេសមួយចំនួនទៀត បានទទួលមេដាយស្ថាបនាជាតិ ក្រោយចូលរួមកសាងសមិទ្ធផលជាសាលារៀននៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សប្បុរសជនបរទេសរួមមាន លោក Katsuhara Toshimasa, លោក Tazaki Keiichi Chizuru និងលោក Mr.Asada Naohiro។
ពិធីប្រគល់មេដាយស្ថាបនាជាតិនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រីឧបាសិកា ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយ កាលពីសប្តាហ៍មុន នាឱកាសសម្ពោធអគារសិក្សាថ្មី១ខ្នង មាន៤បន្ទប់ និងសមិទ្ធផលមួយចំនួនក្នុងសាលាបឋមសិក្សាស្វាយផ្អែម ក្នុងភូមិអូរពីរ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
អគារសិក្សា១ខ្នង សាងសង់អំពីឥដ្ឋប្រក់ក្បឿង មានបណ្តោយប្រវែង៣០.៤ម៉ែត្រ ទទឹង៨.៦ម៉ែត្រ កម្ពស់៧ម៉ែត្រ និងអណ្តូងទឹកស្អាតបំពាក់ម៉ូទ័របូមទឹក១ ចំណាយថវិកាសាងសង់អស់ចំនួន៦ម៉ឺនដុល្លារអាមេរិក ជាអំណោយពីអង្គការ បាលឹន ខមញូនីខេសិន (Balance Communications) តាមរយៈអង្គការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ធនធានមនុស្ស (TDO) ក្រោមការជួយសម្របសម្រួលពីលោក ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រីឧបាសិកា ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងវិស័យអប់រំនៅកម្ពុជា។
លោក ស៊ាង ប៊ុនលាង និងលោកស្រីឧបាសិកា ហ៊ុន ប៊ុនធឿន បានបង្ហាញការកោតសរសើរចំពោះកញ្ញា អន ម៉ូនីតា និងសប្បុរសជនបរទេសទាំងអស់ ដែលមានសណ្ដានចិត្តចូលរួមក្នុងកិច្ចការកសាងសមិទ្ធផល ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ។
សូមបញ្ជាក់ថា កញ្ញា អន ម៉ូនីតា បច្ចុប្បន្នកំពុងតែសិក្សានៅសាកលវិទ្យាល័យគ្រប់គ្រងអាជីវកម្មនិងសណ្ឋាគារ (Business & Hotel Management) ជំនាញ Specialist Hospitality Management ដែលស្ថិតនៅទីក្រុង Luzern ប្រទេសស្វីស។ និស្សិតខ្មែរដ៏ឆ្នើមរូបនេះតែងទទួលបានចំណាត់ថ្នាក់លេខ១ប្រចាំសាលា ពោលគឺបាននិទ្ទេស A គ្រប់មុខវិជ្ជា។ ម្យ៉ាងវិញទៀត កញ្ញាក៏តែងតែចូលរួមប្រកួតប្រជែងនិងទទួលបានមេដាយ និងពានរង្វាន់ផ្នែកភាសាអង់គ្លេស គណិតវិទ្យា អក្សរសាស្រ្ត ព្រមទាំងទទួលបានសញ្ញបត្រលេខ១ខាងចរិយាសម្បត្តិល្អប្រសើរថែមទៀតផង។ មកដល់បច្ចុប្បន្ន កញ្ញា អន ម៉ូនីតា ទទួលបានសញ្ញាបត្រឆ្នើម និងទទួលបានមេដាយនិងពានរង្វាន់សរុបជាង៧០ច្បាប់ហើយ។
ក្រៅពីភាពលេចធ្លោក្នុងវិស័យសិក្សា យុវតីឆ្នើមរបស់កម្ពុជារូបនេះក៏ប្រសប់នឹងវិស័យកីឡាផងដែរ។ ម៉ូនីតា ជាជើងឯករត់ម៉ារ៉ាតុង (Marathon) ដែលប្រកួតប្រជែងជាមួយសាលាល្បីៗ ដូចជា ISPP, Logos, Northbridge, CIA ដោយទទួលបានជ័យលាភីលេខ១, ផ្នែកកីឡាការ៉ាតេ ម៉ូនីតាទទួលបានចំណាត់ថ្នាក់លេខ៣ និងទទួលបានមេដាយពីការប្រកួតកីឡាជាច្រើនទៀត ជាពិសេសបាញ់កាំភ្លើង ជិះសេះ ហែលទឹក ជ្រមុជទឹក វាយកូនបាល់លើតុ និងការប្រណាំងទូកជាដើម។
ទោះបីមមាញឹកនឹងការសិក្សា និងកីឡាយ៉ាងនេះក្ដី កញ្ញា អន ម៉ូនីតា ក៏តែងតែចុះធ្វើសកម្មភាពសង្គមធម៌យ៉ាងផុសផុលផងដែរ។ ដោយសារតែហេតុនេះហើយទើបកញ្ញា អន ម៉ូនីតា បានក្លាយជាយុវជនគំរូ និងទទួលបានពានរង្វាន់អ្នកបង្កើតសន្តិភាពកាលពីឆ្នាំ២០២០ (Peace award Maker 2020) ដែលជាពានរង្វាន់សន្តិភាពសម្រាប់ប្រយោជន៍អ្នកដទៃប្រកបដោយចីរភាពដល់ពិភពលោក។
មិនថារវល់យ៉ាងណា ម៉ូនីតា តែងតែខិតខំអស់ពីកម្លាំងចិត្តជួយដល់កុមារក្រីក្រឱ្យទទួលបានចំណេះដឹង ជួយផ្ដល់ការអប់រំស្មារតីដល់អ្នកដទៃឱ្យដើរលើវិថីត្រឹមត្រូវប្រកបដោយគុណធម៌។ តាមរយៈកិច្ចការទាំងនេះហើយ កញ្ញា ម៉ូនីតា ក៏បានបង្កើតពាក្យស្លោកផ្ទាល់ខ្លួនមួយដែរថា «ប្រទេសជាតិមួយរីកចម្រើនបាន ចាំបាច់ត្រូវការមានធនធានមនុស្ស ប្រៀបដូចជាមនុស្សយើងអាចរស់នៅបាន ចាំបាច់ត្រូវការបច្ច័យ៤ គឺអាហារ ថ្នាំសង្កូវ ជម្រក និងសម្លៀកបំពាក់» ហើយតែងផ្សព្វផ្សាយពាក្យស្លោកនេះទៅកាន់មនុស្សម្នាជាច្រើន៕