(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន និងជាអគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងអង្គរក្សសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំ ពុះពារ គ្រប់ឧបសគ្គរក្សាបាននូវ សុខសន្តិភាព ស្ថេរភាព រហូត អភិវឌ្ឍប្រទេសជាតិឈានឆ្ពោះទៅរក ការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។
ការថ្លែងរបស់នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង យ៉ាងដូច្នេះក្នុងឱកាសដែលនាយឧត្តមសេនីយ៍ តំណាងសម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃ ទី៣០ ខែ ឧសភា ឆ្នាំ២០១៦នេះ អញ្ជើញជាអធិបតីក្នុងពិធី ពុទ្ធាពិសេក កាន់អង្គ និង សំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងដូនជី តាជី ប្រមាណជាង ២០០០នាក់ ក្នុងឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ បន្ទាប់ពីស្តាប់របាយការណ៍ លោក វុី សំណាង អភិបាល នៃគណៈអភិបាលខេត្ត កំពង់ស្ពឺ រួចមកនាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង បានថ្លែងនូវការកោតសរសើរ ដល់អភិបាលខេត្ត និងអភិបាលស្រុកទាំងពីរ (ស្រុកកណ្តាលស្ទឹង និង ស្រុកគងពិសី) ដែលបានខិតខំជួយអភិវឌ្ឍកសាងនិងថែរក្សា នូវសមទ្ធផលជាច្រើនទូទាំងខេត្តនៅពេលនេះ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ បានលើកឡើងពីប្រវត្តិដ៏ជូចត់ និងទុក្ខលំបាកវេទនាបំផុត ដែលប្រជាពលរដ្ឋកម្ពុជាបានជួប ប្រទះក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ហើយនៅវត្តត្រពាំងវែងនេះ ត្រូវបានបំផ្លាញខ្ទេចខ្ទីគ្មានសល់ឡើយ ហើយសម័យនោះ ពុំមានគណបក្សនយោបាយ ឬជនមួយចំនួនដែលអះអាងថាជាអ្នកស្នេហាជាតិចេញមុខមកសង្គ្រោះជាតិនោះទេ គឺមានតែសម្តេចទាំងបីដែលដឹកនាំរំដោះ ហ៊ានពលី សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុជាតិមាតុភូមិ និងកសាងប្រទេសជាតិតាំងពីបាតដៃទទេ ពីគំនរផេះផង់ រាជរដ្ឋរាភិបាលកម្ពុជា បានខិតខំ ពុះពារ ឧបសគ្គរក្សាបាននូវ សុខសន្តិភាព ស្ថេរភាព រហូត អភិវឌ្ឍ ប្រទេសជាតិឈានឆ្ពោះទៅរក ការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ ។ ផ្ទុយទៅវិញ មានជនមួយក្តាប់តូច តែង តែលើកតម្កើងដល់ថ្ងៃ២៣ តុលា ដោយចោទរាជរដ្ឋាភិបាលថាបាន រំលោភ កិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងបារីស សូមបញ្ជាក់ជូន ពុក ម៉ែ បង ប្អូន ឲ្យបានច្បាស់ថា បើគ្មានថ្ងៃ ៧ មករាទេ ក៏គ្មានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះនោះដែរ។
នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋានព្រមទាំងបានផ្តាំផ្ញើ ដល់មន្ត្រីទាំងអស់ត្រូវខិត ខំបន្ថែមទៀតក្នុងការដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ព្រោះមានតែអាជ្ញាធរ ហើយដែលនៅក្បែរប្រជាពលរដ្ឋ ដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋច្បាស់ សូមបន្តការយកចិត្តដាក់លើបញ្ហា ភូមិ ឃុំ មានសុវត្តិភាព ពិសេសសូមសំណូមពរដល់មន្រ្តីមូលដ្ឋានទាំងអស់បន្តធ្វើ និងពន្លឿនការ ចែកអត្តសញ្ញាណប័ណជូនប្រជាពលរដ្ឋ អោយបានឆាប់រហ័ស។
សូមបញ្ជាក់ជូនថា នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង និង លោកស្រី ប៉ែន ចាន្នី ព្រមទាំងសហការីបានប្រារព្វពិធី ពុទ្ធាពិសេក និង កាន់អង្គ នៅវត្តត្រពាំងវែង ស្ថិតក្នុងឃុំ ព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី ២៧-៣០ ខែឧសភា ឆ្នាំ២០១៦។
ជាចុងក្រោយ នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង ក៏បាននាំយកអំណោយ ដ៏ថ្លៃថ្លា របស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកចែកជូន រួមមាន៖ សន្យាសាងសង់អគា ៣ខ្នង ក្នុង វត្តត្រពាំងវែងបន្ថែមទៀត ដែល អគារស្នាក់នៅនេះគឺសម្រាប់ ទទួួលភ្ញៀវក្នុងពិធីបុណ្យផ្សេងៗ ដែលគ្រោងនិងចំណាយថវិកាក្នុងកាសាងសងក្នុងពេលឆាប់ៗខាងមុខនេះ ដោយថវិកាសាងសងបានមកពីកាកៀងគរ, យាយជី តាជី ២០០នាក់ ទទួលបាន ក្រណាត់សមួយដុំ ថវិកា ១មុឺនរៀល, ក្រុមប្រឹក្សាស្រុក ឃុំ ៤៩៥ នាក់ ទទួលបាន សារ៉ុងមួយ ថវិកា ៣មុឺនរៀល, ក្រុមយុវជន សហព័ន្ធសហភាពយុវជនកម្ពុជា ការិទ្ធ, កាកបាទក្រហម៣០០នាក់ ទទួលបាន ថវិការ ១មុឺនរៀល, លោកគ្រូ អ្នកគ្រូពីស្រុក ១៣៩នាក់ ទទួលបានសារ៉ុង មួយថវិការ ៣មុឺនរៀល, មន្ត្រីបក្សស្រុក៦៦ ទទួលបានសារ៉ុង ១ ថវិការ៣មុឺនរៀល, នគរបាលស្រុកគងពិសី ៥០មុឺនរៀល, នគរបាលស្រុកកណ្តាលស្ទឹង៥០មុឺនរៀល, អាវុធហត្ថស្រុកគងពិសី ៥០ម៉ឺនរៀល, អាវុធហត្ថស្រុកកណ្តាលស្ទឹង, សឹងរងស្រុកគងពិសី៥០ម៉ឺនរៀល, សឹងរងស្រុកកណ្តាលស្ទឹង៥០ម៉ឺនរៀល, ប្រជាការពារ ស្រុកគងពិសី៥០ម៉ឺនរៀល, រោងកៅអី ២លានរៀល៕