(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញរឿងរ៉ាវលម្អិត ជុំវិញការស្រាវជ្រាវករណីស្លាប់បុរសម្នាក់ ក្នុងប្រតិបត្តិការបង្ក្រាបករណីជល់មាន់តាមអនឡាញ នៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងឈានដល់ការឃាត់ខ្លួនមន្ដ្រីអាវុធហត្ថចំនួន២នាក់។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទស បញ្ជាក់ថា អង្គភាពអាវុធហត្ថបញ្ជូនខ្លួន មន្ត្រីអាវុធហត្ថ៣នាក់ ទៅកាន់តុលាការ ដើម្បីបន្តស៊ើបសួរ។
យោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសចំនួន០៣រូបរួមមាន៖
១-ឈ្មោះ សុខ ម៉េងហុង នាយការិយាល័យព្រហ្មទណ្ឌ
២-ឈ្មោះ លុយ តាំងឈួយ ប្រធានអង្គភាពនគរបាលយុត្តិធម៌
៣. សៅ សិរិវុធ ជំនួយការអង្គភាពនគរបាលយុត្តិធម៌។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែសីហា កងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយ លោកអនុសេនីយ៍ឯក សុខ ម៉េងហុង មុខងារជានាយការិយាល័យព្រហ្មទណ្ឌ, លោកអនុសេនីយ៍ឯក លុយ តាំងឈួយ មុខងារជាប្រធានអង្គភាពយុត្តិធម៌ និងមានការសម្របសម្រួលពី លោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានចុះប្រតិបត្តិការបង្ក្រាបករណីជល់មាន់តាមអនឡាញ។
ក្នុងនោះ ដោយឃាត់ខ្លួនមនុស្សចំនួន៤នាក់ និងចាប់យកវត្ថុតាងម៉ូតូចំនួន៦គ្រឿង ទូរទស្សន៍១ គ្រឿង CPU ចំនួន១គ្រឿង បញ្ជូនទៅកាន់បញ្ហាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ប៉ុន្តែក្នុងពេលកំពុងធ្វើដំណើរតាមរថយន្តម៉ាក Toyota Sienna មានជនសង្ស័យម្នាក់ឈ្មោះ សួង ខ័ន បានទទួលមរណភាព បន្ទាប់ពីមានការសង្កត់កអំឡុងពេលបង្ក្រាប។
ពាក់ព័ន្ធនឹងករណីនេះ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យធ្វើការត្រួតពិនិត្យស្រាវជ្រាវ នូវបាតុភាពមិនប្រក្រតី ក្នុងការប្រតិបត្តិតួនាទី ភារកិច្ចពាក់ព័ន្ធនឹងករណីយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំតែម្តង៕
សូមទស្សនាវីដេអូសន្និសីទសារព័ត៌មានទាំងស្រុងនៅខាងក្រោមនេះ៖