(ស្ទឹងត្រែង)៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋរស់នៅភូមិថាឡាបរិវ៉ាត់ ស្ថិតក្នុងថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ចំនួន៨២៩គ្រួសារ បានអញ្ជើញមកទទួលវិញ្ញាបនបត្របញ្ជាក់ការកាន់កាប់ដីធ្លីចំនួន ៨២៩ក្បាលដី ក្រោយពីមន្ទីររៀបចំដែនដីខេត្ត បានធ្វើការវាស់វែងរួចរាល់។
ការចែកវិញ្ញាបនបត្របញ្ជាក់ការកាន់កាប់ដីធ្លីនេះ ដោយក្រោមអធិបតីភាពលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមដោយលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្តជាច្រើនរូប។
យោងតាមរបាយការណ៏របស់លោក ម៉ិញ ស៉ីចាយ ប្រធានមន្ទីររៀបចំដែនដីខេត្ត បានឲ្យដឹងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងភូមិថាឡាបរិវ៉ាត់ មានក្បាលដីសរុប ១,៣១៦ក្បាលដី ក្នុងនោះបានអនុវត្តនិតិវិធី ចេញប័ណ្ណកម្មសិទ្ធ បានចំនួន៨២៩ក្បាលដី។
លោក មិញ ស៊ីចាយ បានបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិដីធ្លីនេះគឺសារៈសំខាន់ខ្លាំងណាស់ប្រជាពលរដ្ឋដែលទទួលបានកម្មសិទ្ធិនេះ គឺជាម្ចាស់ដីពេញលក្ខណៈហើយត្រូវបានការពារដោយច្បាប់។ មានន័យថាកម្មសិទ្ធិឯកជនស្របច្បាប់ ស្ថិតនៅ ក្រោមការគាំពារដោយច្បាប់ ដោយគ្មានបុគ្គលណាមួយត្រូវបានដកហូតកម្មសិទ្ធិអំពីជនណាមួយ បាននោះទេលុះត្រាតែជាងប្រយោជន៍សាធារណៈតំរូវឲ្យធ្វើក្នុងករណីដែលច្បាប់បានបញ្ញត្តិទុក ហើយត្រូវផ្ដល់សំណងជាមុនដោយសមរម្យនិងយុត្តិធម៌។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា ចាប់ពីពេលដែលទទួលវិញ្ញាបនបត្របញ្ជាក់ដីធ្លីនេះហើយ ប្រជាពលរដ្ឋទាំងអស់នឹងទទួលបាននូវសុវត្ថិភាព នៃការកាន់កាប់ដីធ្លីរបស់ខ្លួនហើយបាតុភាពរំលោភបំពាន លើដីធ្លីដែលធ្លាប់មានកន្លងទៅត្រូវបានបញ្ចប់ជាស្ថាពរ ទន្ទឹមនឹងនេះប្រជាពលរដ្ឋជាម្ចាស់ដីមានសិទ្ធិប្រើប្រាស់អាស្រ័យផលនិងចាត់ចែងដីរបស់ខ្លួនផ្ដាច់មុខ និងទូលំទូលាយកុំឲ្យតែយកដីនេះទៅប្រើប្រាស់ក្នុងបទណាមួយ ដែលច្បាប់បានហាមឃាត់តែប៉ុណ្ណោះនេះហើយជាតម្លៃនៃប័ណ្ណកម្មសិទ្ធិ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា «បើយើងក្រឡេកទៅមើលអតីតកាលវិញរាប់ជំនាន់មកហើយ ប្រជាជននៅតំបន់ខ្លះមិនដែលមានប័ណ្ណកម្មសិទ្ធិដីធ្លីនោះទេ ដូច្នេះហើយបានធ្វើឲ្យទំនាស់នៅបញ្ហាដីធ្លីមានកើតឡើងជាបន្តបន្ទាប់ ធ្វើឲ្យមានភាពសាំញ៉ាំនិងពិបាកបកស្រាយ។ ប៉ុន្តែដោយភាពឈ្លាសវៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើកំណែទម្រង់វិស័យដីធ្លីដោយបានធ្វើការវាស់វែងដី ចេញជាប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ»។
ជាចុងក្រោយលោក ស្វាយ សំអ៊ាង បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តធ្វើអាជីវកម្មរឺបង្កបង្កើនផលលើដីនេះ ដើម្បីទទួលបានផលដែលកើតចេញពីដីនេះប្រសើរជាងការលក់ដី ដែលអាចទទួលបានផលបានតែ១ដងហើយនឹងបាត់បង់ទៅនោះជារៀងរហូត៕