(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានណែនាំ និងផ្ដល់អនុសាសន៍ ៨ចំណុចសំខាន់ក្នុងន័យស្ថាបនា ដើម្បីឲ្យជួរថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរ អង្គភាព ស្ថាប័នជំនាញ និងអជ្ញាធរពាក់ព័ន្ធ បន្តអនុវត្តឲ្យបានជោគជ័យនិងមានប្រសិទ្ធភាពខ្ពស់។
ការណែនាំនិងផ្ដល់អនុសាសន៍នេះ ខណ:លោកអភិបាលខេត្តកែប ចូលរួមជាអធិបតីក្នុងការប្រារព្ធពិធីអបអរសាទរទិវាជាតិ ១ កក្កដា ២០២២ រួមជាមួយការដុតបំផ្លាញ់ឧបករណ៍នេសាទខុសច្បាប់ ដោយមានការសហការ រវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាមួយមន្ទីរធនធានទឹកខេត្តកែប នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅទំនប់អាងទឹកចំការបី (ភ្នំវល្លិ) ស្ថិតក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយចូលរួមពី លោក លោកស្រី សមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាល កងកម្លាំង ប្រធានមន្ទីរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ជាច្រើនរូប។
ការណែនាំនិងអនុសាសន៍ ៨ចំណុចសំខាន់ រួមមាន៖
*១៖ ត្រូវរួមសហការទប់ស្កាត់អោយបាននូវរាល់សកម្មភាពទន្រ្ទានយកដីព្រៃ ព្រៃកោងកាងដែលជាសម្បត្តិរបស់រដ្ឋ។
*២៖ ត្រូវផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងធនធានដល់គ្រប់សហគមន៍នេសាទ ពង្រឹងសមត្ថភាពសហគមន៍ អោយស្គាល់ពីតួនាទី ភារកិច្ច ក្នុងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្ត ដើម្បីបន្តការគ្រប់គ្រង និងអភិរក្សធនធានជលផលក្នុងដែនសហគមន៍ ដែលរាជរដ្ឋាភិបាលបានចាត់ទុកថា ជាមាសបៃតង។
*៣៖ ជំរុញការបន្តនូវគោលនយោបាយទឹក ដើម្បីពង្រីកលទ្ធភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលអោយបានច្រើន។
*៤៖ មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត ត្រូវជំរុញការអភិវឌ្ឍវារីវប្បកម្ម អោយបានខ្លាំងក្លា ទាំងខ្នាតតូច មធ្យម និងខា្នតធំ ។
*៥៖ ត្រូវលុបបំបាត់សកម្មភាពបទល្មើសជលផល តាមគ្រប់រូបភាពដែលបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដល់ធនធានធម្មជាតិ និងជីវចម្រុះ។
*៦៖ ត្រូវបន្តគ្រប់គ្រងកន្លែងអភិរក្សធនធានជលផល ទាំងនៅក្នុងដែននេសាទសាធារណៈ ទាំងនៅក្នុងតំបន់គ្រប់គ្រងជលផល តាមតំបន់កោះពោធិ៍ និងកោះទន្សាយ។
*៧៖ បន្តចុះក្តាប់បញ្ហា តម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីអន្តរាគមន៍ជួយដោះស្រាយអោយបានទាន់ពេលវេលា។
*៨៖ ត្រូវខិតខំពង្រឹងតួនាទី ភារកិច្ច នៃយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជាបន្តទៀត ពិសេសលើបញ្ហាសន្តិសុខទូទៅ ល្បែងស៊ីសង និងគ្រឿងញៀន។
លោកបណ្ឌិត សោម ពិសិដ្ឋ បានថ្លែងថា ត្រីគឺជាអាហារប្រចាំថ្ងៃដ៏មានសារៈសំខាន់ក្នុងការផ្គត់ផ្គង់សារធាតុខនិច និងប្រូតេអ៊ីន ប្រមាណជា៨០% នៃប្រូតេអ៊ីនសរុប ដែលប្រជាជនកម្ពុជាមានទន្លាប់បរិភោគត្រីច្រើន ដោយក្នុង១ឆ្នាំៗ ជាមធ្យម ៦៣ គ.ក្រ ក្នុងមួយនាក់។ ចំណូលថវិកាទទួលបានពីវិស័យនេះ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនក្នុងរង្វង់ ១.១៣៦ ទៅ ១.៧០៤លានដុល្លា/ឆ្នាំ និងបានរួមចំណែក ពី៨% ទៅ១២% នៃផលទុនជាតិសរុប (GDP) បើទោះជាយ៉ាងនេះក្តី ធនធានជលផលត្រូវបានធ្វើអាជីវកម្មកាន់តែធ្ងន់ធ្ងរទៅៗជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ បង្កជាក្តីកង្វល់អំពីនិរន្តរភាព លើផ្នែកសេដ្ឋកិច្ចសង្គម និងប្រព័ន្ធអេកូឡូស៊ី ដែលយើងមិនអាចមើលរំលងបានឡើយ។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានសំណូមពរឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមថែរក្សា ការពារ នៅធនធានធម្មជាតិប្រកបដោយឆន្ទៈ និងភាពទទួលខុសត្រូវខ្ពស់ ដើម្បីប្រយោជន៍មនុស្សជំនាន់ក្រោយ។
ក្នុងឱកាសនោះដែរលោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម បានលើកឡើងក្នុងរបាយការណ៍ថា ថ្ងៃនេះដោយបានការចង្អុលបង្ហាញ ពីលោកអភិបាលខេត្ត គឺមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមន្ទីរធនធានទឹក បានប្រារព្វពិធីអបអរសាទរ ទិវាជាតិ ០១ កក្កដា ២០២២ នេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយបំផុសចលនាប្រជាពលរដ្ឋឲ្យចូលរួមក្នុងការគ្រប់គ្រង ការពារថែរក្សាអភិរក្សពូជត្រីអោយបានស្ថិតស្ថេរ គង់វង្ស ក្នុងពិធីអបអរសាទរនេះ ក៏បានលេងនូវមេត្រីពូជចំនួន២០គីឡូក្រាម, កូនត្រីចំនួន៣ម៉ីនកូន ចូលទៅក្នុងទំនប់អាងទឹកចំការបី (ភ្នំវល្លិ) ស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ដើម្បីអោយត្រីក្នុងទំនប់អាងនេះ អាចបង្កបង្កើតពូជកាន់តែច្រើនថែមទៀត សម្រាប់ទុកអោយប្រជាពលរដ្ឋអាចអាស្រ័យផល លើកកម្ពស់ជីវភាពគ្រួសារ និងផ្តល់អាហាររូបត្ថម្ភ៕