(ភ្នំពេញ)៖ គ្រឿងញៀនខុសច្បាប់ដែលត្រូវបានដឹកជញ្ជូនចូលប្រទេសកម្ពុជា តាមផ្លូវសមុទ្រនៅខេត្តព្រះសីហនុ ត្រូវបានកម្លាំងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ រួមដៃគ្នាស្រាវជ្រាវ និងឈានដល់ការបង្ក្រាបដោយជោគជ័យ នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ ក្នុងគោលដៅ៣ផ្សេងៗគ្នា ក្នុងមូលដ្ឋានស្រុកព្រៃនប់ និងក្រុងព្រះសីហនុ។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង និងបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង។
កម្លាំងដែលចូលរួមប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ម្ចាស់ករណី) និងមានការចូលរួមសហការពីកម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក, កម្លាំងស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ។
របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា កម្លាំងជំនាញ (ក៥) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី, លោកឧត្តមសេនីយ៍ត្រី គឹម តូ, លោកវរសេនីយ៍ឯក មាស ហត, លោកវរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ (ក៥) បានធ្វើការស៊ើបអង្កេតជាង៣ខែ ដោយមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លុះនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១០៖២០នាទីយប់ ដោយកម្លាំងជំនាញកំណត់ច្បាស់នៅពេលវេលាមុខសញ្ញាធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ទើបកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ដោយបានស្នើសុំអន្តរាគមន៍ពីកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងនាយកដ្ឋាននគរបាលព្រំដែនទឹក (កោះព្រាប) ចូលរួមសហការបង្ក្រាប នៅ៣គោលដៅផ្សេងគ្នាជាបន្តបន្ទាប់។
* គោលដៅទី១៖ នៅចំណុច ក្រុម១១ភូមិ៣ សង្កាត១ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ អូបរ១គ្រឿង ទូកយន្ត១គ្រឿង និងសារធាតុញៀន (កេតាមីន) ៤៤ការ៉ុង
* គោលដៅទី២៖ នៅចំណុច ក្រុម២ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ និងម៉ូតូ ២គ្រឿង
* គោលដៅទី៣៖ នៅចំណុចភូមិគគី សង្កាត់បិតត្រាង ស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងរថយន្ត១គ្រឿង។
លទ្ធផលសរុប ឃាត់បានជនសង្ស័យ០៥នាក់ ទី១៖ឈ្មោះ TONG JIAN XIN ភេទប្រុស អាយុ៧១ឆ្នាំ, ទី២៖ឈ្មោះ GAO ZHI BIN ភេទប្រុស អាយុ៤៩ឆ្នាំ, ទី៣៖ឈ្មោះ LI YONG XIN ភេទប្រុស អាយុ៤៨ឆ្នាំ, ទី៤៖ឈ្មោះ ZHONG JIAN LIN ភេទប្រុស អាយុ៣៦ឆ្នាំ និងទី៥៖ឈ្មោះ JAN XI TONG ភេទប្រុស អាយុ៥២ឆ្នាំ សុទ្ធតែ ជាតិចិន។
វត្ថុតាងសារធាតុញៀនចាប់យកបាន សារធាតុញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់៨៧១.២០០គីឡូក្រាម, អូបរ ១គ្រឿង, ទូកយន្ត ១គ្រឿង, រថយន្ត ១គ្រឿង និងម៉ូតូ ២គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានបញ្ជូនទៅប្រគល់ជូនស្នងការដ្ឋាននគរបាលព្រះសីហនុ កសាងសំណុំរឿងបន្តតាមនីតិវិធី៕