(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ និងលោកជំទាវ ផ្ញើសារជូនពរ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងជារដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៧២ ឈានចូល ៧៣ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។
តាមរយៈសារលិខិតជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ បានជូនពរយ៉ាងដូច្នេះថា ខ្ញុំ និងភរិយា សូមសម្ដែងនូវមនោសញ្ចេតនាសប្បាយរីករាយ ចូលរួមអបអរសាទរដោយសេចក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតគម្រប់៧២ឆ្នាំ ឈានចូល៧៣ឆ្នាំ សូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង មានអាយុយ៉ឺនយូរ។
ជាថ្នាក់ដឹកនាំមួយរូប ដែលបានលះបង់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី ខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋាននានា និងបានដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រីទទួលលទ្ធផលដ៏ល្អប្រសើរជូនរាជរដ្ឋាភិបាល សង្គមជាតិ បម្រើដល់ឧត្តមឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រយោជន៍ជាតិ និងប្រជាជន។
ខ្ញុំ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ បវរសួស្តីសិរីជ័យមង្គលគ្រប់ប្រការជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រ បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា៕