(ព្រះសីហនុ)៖ នគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ បានប្រគល់ម៉ូតូចំនួន២គ្រឿង ជូនម្ចាស់វិញ ក្រោយពីកម្លាំងនគរបាល បានចុះបង្ក្រាបក្រុមចោរមួយសំបុកធំ នៅតំបន់វាលរេញកាលពីពេលថ្មីៗនេះ ហើយរកឃើញម៉ូតូជាច្រើនគ្រឿងពីពួកគេ។
លោក កុល ផល្លី ស្នងការរងនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា «នៅថ្ងៃនេះ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ជូន ណារិន្ទ ស្នងការនគរបាលខេត្ត ការិយាលយ័កណ្តាលនគរបាលព្រហ្មទណ្ឌ បានធ្វើការប្រគល់ម៉ូតូ C125 ចំនួន២គ្រឿង ឲ្យទៅជនរងគ្រោះដែលជាម្ចាស់វិញ»។
បើតាមមន្រ្តីនគរបាលដដែលនេះ ចំពេាះម៉ូតូ២គ្រឿងនេះ កម្លាំងជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវបង្រ្កាបសំបុកវា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅឃុំវាលរេញ ស្រុកព្រៃនប់កន្លងទៅនេះ។
ម្ចាស់ម៉ូតូដែលមកទទួលយកនេះ ទី១ ឈ្មោះ លី ចន្នី ភេទប្រុុស អាយុ៣៤ឆ្នាំ មានទីលំនៅ ក្រុមទី១៤ ភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ និងទី២ ឈ្មោះ ម៉ុក វិជ្ជា ភេទប្រុុស អាយុ៥០ឆ្នាំ មានទីលំនៅ ភូមិអូរត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់។
លោក កុល ផល្លី បានបន្តថា «ចំពោះម៉ូតូ២គ្រឿងខាងលើនេះ ក្នុងចំណោមម៉ូតូ១៣គ្រឿង ដែលកម្លាំងជំនាញ យើងរកឃើញនិងបង្រ្កាបសំបុកវា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ»៕