(ភ្នំពេញ)៖ ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក នេត វន្ថា បានឲ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២នេះ អគ្គិភ័យកើតឡើង ចំនួន៤២៨លើក លើ៤៧២លើក មានន័យថា ថយចុះ៤២លើក។ ក្នុងនោះបណ្ដាលឲ្យស្លាប់១៣ លើ១៧នាក់ និងរបួស៤១នាក់ លើ៣៤នាក់ ឆេះផ្ទះចំនួន៥៦៤ខ្នង លើ៣៧៥ខ្នង។
លោកឧត្តមសេនីយ៍ឯក នេត វន្ថា លើកឡើងបែបនេះ ខណៈដឹកនាំការហ្វឹកហាត់ និងលំហាត់សមយុទ្ធពន្លត់អគ្គិភ័យ និងសង្គ្រោះជាក់ស្តែង ដើម្បីរំលឹកដល់អាជីវក រនៅក្នុងផ្សារទំនើបអ៉ីអន១ បានចេះដឹងពីរបៀបប្រើប្រាស់ឧបករណ៍ សម្ភារៈពន្លត់អគ្គិភ័យ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ។
លោកប្រធាននាយកដ្ឋានរូបនេះ បានអះអាងថា កត្តានាំឲ្យអគ្គិភ័យមានការថយចុះ ក្នុងរយៈពេលចុងក្រោយនេះផងដែរ ខណៈដែលកំពុងរងវិបត្តិកូវីដ ដែលប្រជាពលរដ្ឋភាគច្រើនមិនសូវបានចេញទៅណាឆ្ងាយពីលំនៅដ្ឋាននោះទេ ដូច្នេះហើយ នៅពេលមានករណីអគ្គិភ័យកើតឡើងជាបឋម គឺម្ចាស់ផ្ទះអាចពន្លត់បានដោយខ្លួនឯង។
សម្រាប់កម្មវិធីធ្វើសមយុទ្ធនៅផ្សារអ៉ីអននេះ គឺជាលើកទី៦ ហើយការធ្វើសមយុទ្ធនៅក្នុងទីតាំងផ្សារអ៉ីអនថ្ងៃនេះ ក៏មានការចូលរួមសហការពីក្រុមជំនាញពន្លត់អគ្គិភ័យ ពីប្រទេសជប៉ុនផងដែរ។ លោកឧត្តមសេនីយ៍ឯក នេត វន្ថា បានបន្តថា សកម្មភាពធ្វើសមយុទ្ធនាពេលនេះ ក៏បានបង្ហាញពីរបៀប នៃការអនុវត្តខ្លះៗពីប្រទេសជប៉ុនផងដែរ ខណៈប្រទេសជប៉ុន គឺជាប្រទេសដែលបទពិសោធន៍ច្រើនក្នុងការងារបង្ការ និងពន្លត់អគ្គិភ័យ។ នាយកដ្ឋានពន្លត់អគ្គិភ័យបានធ្វើការងារសមយុទ្ធនេះ ជាមួយដៃគូជប៉ុន រយៈពេល៦ឆ្នាំមកហើយ គឺចាប់តំាងពីឆ្នាំ២០១៦នោះមក។
លោកឧត្តមសេនីយ៍ឯក នេត វន្ថា បានបន្ថែមថា សកម្មភាពសមយុទ្ធនៅផ្សារអ៉ីអនថ្ងៃនេះ គឺស្តែងចេញនូវការចូលរួមយ៉ាងសកម្ម ក៏ដួចជាការបង្ហាញនូវការបង្កាទុកជាមុននូវករណីអគ្គិភ័យ។ ការធ្វើសមយុទ្ធនេះ មិនសំដៅតែលើផ្សារអ៉ីអន ឬផ្សារធំៗទេ បើសិនមានលទ្ធភាពគឺ នឹងធ្វើតាមផ្សារនីមួយៗទាំងអស់ក្នុងរាជធានីភ្នំពេញ។
ឧត្តមសេនីយ៍ឯក នេត វន្ថា បានបន្តថា ផ្សារអ៉ីអន ដែលជាផ្សារគ្រប់គ្រងដោយជប៉ុនមានគំរូល្អ ក្នុងការបង្ការអគ្គិភ័យ ដោយមានកន្លែងស្តុកទឹកសម្រាប់សង្រ្គោះបឋម មុននឹងក្រុមពន្លត់អគ្គិភ័យមកដល់។ ផ្សារនៅកម្ពុជា ពិសេសនៅក្នុងរាជធានីភ្នំពេញ ផ្សារមួយចំនួននៅមិនទាន់រៀបចំសំណង់រឹងមាំនៅឡើយ ដូចជាផ្សារទួលទំពូង ផ្សារចាស់ ផ្សារច្បារអំពៅ ផ្សារសាមគ្គី គឺជាផ្សារប្រឈមនឹងហានិភ័យ។
លោកឧត្តមសេនីយ៍ឯក បានសំណូមពរដល់ប្រធានផ្សារ គួរបំពាក់ប្រព័ន្ធសុវត្ថិភាព ដែលគេហៅថា បូតទឹក ឲ្យមានគ្រប់ផ្សារ ដើម្បីការបង្កាអគ្គិភ័យកើតឡើង។ លោកថាការកើតឡើងនូវអាគារកាន់តែច្រើន ផ្សារកាន់តែច្រើន នោះកំណើនអគ្គិភ័យក៏កើនឡើងផងដែរ ដែលទាមទារឲ្យទីកន្លែងមួយៗ គួររៀបចំប្រព័ន្ធការពារអគ្គិភ័យឲ្យបានល្អ៕