(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានរដ្ឋព្រឹទ្ធសភាកម្ពុជា បានផ្ញើលិខិតជូនពរ នាយឧត្ដមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ក្នុងឱកាសចម្រើនជន្មាយុ ប្រកបដោយពរជ័យសិរីមង្គលមហាប្រសើរដ៏ថ្លៃថ្លា នៅថ្ងៃនេះ។
ក្នុងលិខិតរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើជូននាយឧត្ដមសេនីយ៍ ប៉ុល សារឿន បានលើកឡើងថា «ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបកំណើតរបស់ ឯកឧត្តមនាយឧត្ដមសេនីយ៍ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមប្រសិទ្ធពរជ័យ សិរីមង្គល បវរប្រសើរ សូមឯកឧត្តម នាយឧត្ដមសេនីយ៍ ទទួលបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជាជន»។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្ដថា «ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះស្នាដៃរបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ពុះពារឧបសគ្គគ្រប់បែបយ៉ាង សម្រេចបាន នូវស្នាដៃជាច្រើន ក្នុងបេសកកម្មការពារថែរក្សាសន្តិភាព បូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនជាតិមាតុភូមិព្រមទាំងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបប្រទះនូវគ្រោះមហន្តរាយ ផ្សេងៗជាយថាហេតុ។ មួយវិញទៀត ឯកឧត្តម នាយឧត្ដមសេនីយ៍ តែងតែចូលរួមជាវិភាគទាន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយនូវរាល់បញ្ហាលំបាកៗចំពោះមុខ»។
ជាថ្មីម្តងទៀត សម្ដេចវិបុលសេនាភក្តី បានបន្ថែមថា «ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គមេត្តាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន ឯកឧត្តម នាយឧត្ដមសេនីយ៍ និងលោកជំទាវ ព្រមទាំងកូនប្រុសស្រី ចៅប្រុស ចៅស្រី សូមសមប្រកបដោយ ព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕