(ភ្នំពេញ)៖ លោកបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានលើកឡើងថា កាលណានិយាយអំពីនគរូបនីយកម្ម ត្រូវគិតអំពីការគ្រប់គ្រងធនធានធម្មជាតិ និងការការពារបរិស្ថានឲ្យបានល្អ។
លោកបណ្ឌិត ប៉ែន សុផល ថ្លែងបែបនេះ ក្នុងឱកាសចូលរួមពិធីសម្ពោធដេប៉ាតឺម៉ង់នគរូបនីយកម្ម និងការអភិវឌ្ឍក្រុងដោយចីរភាព Department of Sustainable Urban Planning and Development (DSUPD) ដែលបង្កើតឡើងដោយកិច្ចសហប្រតិបត្តិការ រវាងមហាវិទ្យាល័យសិក្សាអភិវឌ្ឍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យសេអ៊ូល របស់កូរ៉េខាងត្បូង នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។
មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី បានបញ្ជាក់យ៉ាងដូច្នេះថា «កាលណាយើងនិយាយអំពីនគរូបនីយកម្ម យើងត្រូវគិតអំពីការគ្រប់គ្រងធនធានធម្មជាតិ និងការការពារបរិស្ថានឲ្យបានល្អ។ កាលណា យើងនិយាយអំពីនគរូបនីយកម្ម យើងត្រូវយកចិត្តទុកដាក់ទៅលើការថែរក្សាអត្តសញ្ញាណ និងវប្បធម៌ជាតិ។ នេះជាកត្តាកត្តាធំៗ ហើយកាលណាយើងនិយាយពីនគរូបនីយកម្ម យើងនិយាយពីកត្តាចរន្ត។ អញ្ចឹងចំណុចនេះ ជាចំណុចសំខាន់ទាក់ទងនឹងការអភិវឌ្ឍប្រកបដោយចីរភាព»។
លោកបន្តថា «កាលណា យើងយកចិត្តទុកដាក់ចំពោះសេដ្ឋកិច្ច គឺសេដ្ឋកិច្ចវាដើរទៅលឿន វានាំឲ្យមានផលប៉ះពាល់ដល់នគរូបនីយកម្ម។ នៅពេលយើងគិតតែពីការអភិវឌ្ឍរូបវ័ន្ត តែអត់បានយកចិត្តទុកដាក់ ទៅលើការងារបរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច គឺអត់បានទេ។ ដូច្នេះ ការរៀនមុខវិជ្ជានគរូបនីយកម្ម គឺការរៀនមុខវិជ្ជាទាំងអស់នេះ ទាំងរូបវ័ន្ត ទាំងសេដ្ឋកិច្ច ទាំងសង្គម ទាំងវប្បធម៌ ទាំងប្រវត្តិសាស្ត្រ និងទាំងកិច្ចការពារបរិស្ថាន»។
បើតាមបណ្ឌិត ប៉ែន សុផល កំណើននគរូបនីយកម្ម នៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស, ជាក់ស្តែងចំនួនប្រជាជនក្នុងរាជធានីភ្នំពេញ ក្រុង និងទីប្រជុំជន នៅឆ្នាំ២០១៤ មានចំនួន៤,៥លាននាក់ ស្មើនឹង២៧,១ភាគរយ នៃប្រជាជនសរុប បានកើនឡើងដល់៦,១៣លាននាក់ ស្មើនឹង៣៩,៥ភាគរយ ក្នុងឆ្នាំ២០១៩ និងត្រូវបានគេព្យាករណ៍ថា នៅឆ្នាំ២០៣០ នឹងបន្តកើនដល់៧,៩២លាននាក់ ស្មើនឹង៤៤ភាគរយ។ តាមទិន្នន័យនេះ បានបង្ហាញឲ្យឃើញថា សម្រាប់រយៈពេល១៥ឆ្នាំ (២០១៥-២០៣០) តម្រូវការលំនៅដ្ឋាន ដែលគិតជាមធ្យមមានតម្រូវការ ប្រមាណ៥ម៉ឺនលំនៅដ្ឋាន ក្នុងមួយឆ្នាំ។
លោករំពឹងថា តាមរយៈដេប៉ាតឺម៉ង់នគរូបនីយកម្ម និងការអភិវឌ្ឍក្រុងដោយចីរភាព នឹងចូលរួមលើកកម្ពស់មូលធនមនុស្ស ឲ្យមានសមត្ថភាពខ្ពស់ លើជំនាញនគរូបនីយកម្ម ការអភិវឌ្ឍប្រកបដោយចីរភាព ការអភិវឌ្ឍទីក្រុងឆ្លាតវៃ ការអភិវឌ្ឍបៃតង ទាំងផ្នែករូបវ័ន្ត សេដ្ឋកិច្ច សង្គម កិច្ចការពារធនធានធម្មជាតិ និងបរិស្ថាន ដំណោះស្រាយថ្មីៗ សម្រាប់បញ្ហាប្រឈមទីក្រុងរួម ទាំងការគ្រប់គ្រងសំណង់រឹងនិងរាវ និងការបង្ការទប់ស្កាត់គ្រោះមហន្តរាយជាដើម៕