(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានរដ្ឋព្រឹទ្ធសភា នៃកម្ពុជា បានផ្ញើសារជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសចម្រើនជន្មាយុប្រកបដោយពរជ័យសិរីមង្គលមហាប្រសើរដ៏ថ្លៃថ្លានៅថ្ងៃនេះ។

ក្នុងលិខិតរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានលើកឡើងថា «ក្នុងឱកាសដ៏ជ័យមង្គល នៃពិធីខួបកំណើតរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ គម្រប់៧២ឆ្នាំ ឈានចូល៧៣ឆ្នាំ ខ្ញុំ និងភរិយា សូមជូនពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាភ្លឺថ្លា មានអាយុយឺនយូរ»

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្ដថា «ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ក្នុងការដឹកនាំទីស្តីការ គណៈរដ្ឋមន្ត្រីទទួលបានលទ្ធផលដ៏ល្អប្រសើរជូនរាជរដ្ឋាភិបាល និងសង្គមជាតិ។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ បម្រើដល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន ក្នុងគោលដៅដើម្បី ការពារឯករាជ្យភាព បូរណភាព អធិបតេយ្យភាព នាំមកនូវសន្តិភាព ស្ថិរភាព ភាពសុខដុមរមនា និងការអភិវឌ្ឍ លើគ្រប់វិស័យ»

សម្តេចបានបន្តទៀតថា «ជាថ្មីម្ដងទៀត ខ្ញុំ និងភរិយា សូមយកឱកាសដ៏សិរីមង្គលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគី អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»