(ព្រះសីហនុ)៖ រថយន្តកុងតឺន័រមួយគ្រឿង ពេលកំពុងធ្វើដំណើរទិសដៅ ពីខេត្តព្រះសីហនុ ទៅភ្នំពេញ បានជ្រុលទៅបុករះរថយន្ត៤គ្រឿង បណ្តាលរងការខូចខាតស្ទើរទាំងស្រុង និងបណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ នៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចអូត្រាវ ក្រុង-ខេត្តព្រះសីហនុ។
សមត្ថកិច្ចខេត្តព្រះសីហនុ បានបញ្ជាក់ថា រថយន្តកុងតឺន័រ បានបុករថយន្ត Lexus RX300 ហើយជ្រុលទៅបុករថយន្តទួរីស និងរថយន្តធន់តូច(រថយន្តតាក់សីុនៅវាលរេញ) បណ្តាលរថយន្តទាំងនោះ រងការខូចខាតយ៉ាងខ្លាំង ដោយឡែករថយន្តកុងតឺន័រ បានក្រឡាប់ធ្លាក់ផ្លូវផងដែរ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច ទាំងនគរបាល និងអាវុធហត្ថ បានចុះទៅជួយអន្តរាគមន៍ ដោយហៅរថយន្តពេទ្យ មកដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។
មន្រ្តីនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅយប់ថ្ងៃនេះថា ជនរងគ្រោះទាំង៤នាក់នោះ មានជនជាតិបរទេស២នាក់ផងដែរ តែមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ៕