(ភ្នំពេញ)៖ លោក ហ៊ីង ជ័យជាតិ សមាជិកក្រុមចលនាខេត្តបន្ទាយមានជ័យ របស់គណបក្សសង្រ្គោះជាតិ បានសម្រេចដាក់លិខិតលាលែង ពីតំណែង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញ ដោយសារតែអស់ជំនឿ លើគណបក្សរបស់លោក ដែលមិនបានបម្រើដល់ផលប្រយោជន៍ជាតិ។
លិខិតរបស់ លោក ហ៊ីង ជ័យជាតិ ដែល Fresh News ទទួលបាន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះបានឱ្យដឹងថា លោក ជ័យជាតិ បានចូលរួមជាមួយ គណបក្ស សម រង្ស៊ី តាំងពីឆ្នាំ១៩៩៥ ហើយបន្តនៅក្នុងគណបក្សសង្រ្គោះជាតិរហូតមក។
លោក ហ៊ីង ជ័យជាតិ បានសរសេរថា «ក្នុងរយៈពេល២១ឆ្នាំនេះ ខ្ញុំបាទបានមើលឃើញសកម្មភាព គណបក្សសង្រ្គោះជាតិ មិនបានបម្រើដល់ផលប្រយោជន៍របស់ជាតិបន្តិចណាសោះ។ ផ្ទុយទៅវិញបើគណបក្សនេះ បានកាន់កាប់អំណាចវិញនោះ ប្រទេសជាតិដែលកំពុងមាន សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍក្នុងពេលបច្ចុប្បន្ននេះ នឹងត្រូវបាត់បង់ ហើយនាំក្រុមគ្រួសាររបស់ខ្ញុំ ក៏ដូចជាប្រជាជនទាំងមូលនឹងរងទុក្ខវេទនាដូចកាលពីអតីតកាលជាក់ជាមិនខានឡើយ»។
Fresh News មិនទាន់អាចទំនាក់ទំនង បន្ថែមពីលោក ហ៊ីង ជ័យជាតិ សមាជិកក្រុមចលនាខេត្តបន្ទាយមានជ័យ របស់គណបក្សសង្រ្គោះជាតិ និងមន្រ្តីគណបក្សសង្រ្គោះជាតិ បាននៅឡើយទេ នៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ៕