(សៀមរាប)៖ ក្រសួងទេសចរណ៍ នៃកម្ពុជា និងសមាគមបង្គន់ពិភពលោក (the World Toilet Association) បានរៀបចំសន្និបាតប្រចាំឆ្នាំ លើកទី៣ (The Third General Assembly) ក្នុងត្រីមាសទី១ នាដើមឆ្នាំ២០១៦ នៅកម្ពុជា នាសណ្ឋាគារសុខាល័យអង្គរ ក្រុងសៀមរាប នាព្រឹកថ្ងទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ។
សន្និបាតនេះ មានការចូលរួមពី លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឲ្យ លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍នៃកម្ពុជា និង លោក Tae-young YEOM ចៅហ្វាយក្រុង ស៊ូហ្វ័ន់ (Suwon) និងជាប្រធានសមាគមបង្គន់ពិភពលោក, លោក U Myint Soe ដែលជាអគ្គរដ្ឋទូត វិសាមញ្ញ និងកិច្ចការបរទេស នៃប្រទេសមីយ៉ាន់ម៉ា, លោក Arturo P. Boncato Jr. ជំនួយការអគ្គលេខាធិការ នៃវិស័យទេសចរណ៍ ប្រទេសហ្វីលីពីន, លោកស្រីអភិបាលរងខេត្តសៀមរាប, និង លោកសាស្រ្តាចារ្យ Bill Carter នាយកក្រុមគម្រោងអន្តរជាតិ នៃសាកលវិទ្យាល័យ the Sunshine Coast ជាមួយ និង លោកសាស្រ្តាចារ្យ Anne Roiko សាកលវិទ្យាល័យ Griffith ប្រទេសអូស្ត្រាលី។
អ្វីដែលពិសេសនោះ គឺសន្និបាតប្រចាំឆ្នាំលើកទី៣ខាងលើនេះ ក៏មានការចូលរួមពីមន្ត្រីជំនាញៗ មកពីមន្ទីរជំនាញពាក់ព័ន្ធមួយចំនួន នៅខេត្តសៀមរាប និងដៃគូ ពាក់ព័ន្ធជាតិ-អន្តរជាតិសរុបប្រមាណជាង ៣០០រូប។
នៅក្នុងសន្និបាទនេះ ក៏រំពឹងថានឹងមានចេញនូវសេចក្ដីប្រកាសអង្គរ (Angkor Declaration) ដែលផ្ដោតលើការលើកកម្ពស់សុខុមាលភាពសង្គម អនាម័យ បរិស្ថាន និងសោភ័ណភាពទីក្រុង ពិសេសការអភិវឌ្ឍន៍កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព លំដាប់ថ្នាក់ពិភពលោក និងមកទស្សនាច្រើនដង ដោយសារ សោភ័ណភាពស្អាត បៃតង និងនិរន្តរភាពទាំងបរិស្ថាន និងការទទួលខុសត្រូវ៕