(សៀមរាប)៖ សុនខ (ឆ្កែ) កាប់រួចជាង១តោន ដែលឈ្មួញដឹកចេញពីខេត្តបន្ទាយមានជ័យ ឆ្លងកាត់ខេត្តសៀមរាប បម្រុងយកទៅលក់នៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចម្រុះ សហការជាមួយមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បង្ក្រាបបានទាំងម្ចាស់ និងវត្ថុតាង បន្ទាប់មកយកទៅដុតកម្ទេចចោល។
ហេតុការណ៍ការដុតកម្ទេចចោលនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ក្រោមការដឹកនាំពីសំណាក់តំណាងអយ្យការអមសាលដំបូងខេត្ត និងលោកប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តសៀមរាប និងមន្ត្រីជំនាញមួយចំនួនផងដែរ។
លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា មុនកើតហេតុ នៅវេលាម៉ោង ០១៖៣០នាទី រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ មន្ត្រីជំនាញបានឃាត់រថយន្តកូរ៉េ ដឹកទំនិញ០១គ្រឿង ម៉ាក KIA ពណ៌ស ពាក់ស្លាកលេខកំពត 2A-1924 មានបទល្មើសដឹកសត្វសុនខ ដែលបង្កក (ក្លាសេ) និងពិឃាតរួច ចំនួន៣ធុងធំ និង១ធុងតូច ចំនួន១៣៤ក្បាល ទម្ងន់ប្រមាណ១៣០០គីឡូក្រាម ប្រព្រឹត្តដោយឈ្មោះ ណាន ឆាត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិប្រយុទ្ធ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។
តាមការឆ្លើយបំភ្លឺពីម្ចាស់សត្វសុនខ បានប្រាប់នៅមុខសមត្ថកិច្ចថា សត្វសុនខ ទាំងអស់ ដែលបានដឹកចេញ ពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅរាជធានីភ្នំពេញ។
លោកបន្តថា ដោយមានការណែនាំពីលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រោមការសម្របសម្រួលពីលោក ង៉ិល សុវណ្ណារិទ្ធ ព្រះ រាជអាជ្ញារងនៃសាលាដំបូងខេត្តសៀមរាប នៅរសៀលម៉ោង៣ថ្ងៃដដែល ក្រុមការងារបានរៀបចំពីមន្ត្រីជំនាញ បានអនុវត្តដោយការដុតកម្ទេច និងកប់ ចោលតាមវិធានការបសុពេទ្យ។ ចំណែករថយន្តដឹកសត្វសុនខ មន្ត្រីជំនាញយកមករក្សាទុកនៅមន្ទីរកសិកម្ម។ ចំពោះម្ចាស់ឱ្យត្រឡប់ទៅផ្ទះវិញ ដើម្បីរង់ចាំឱ្យចូលខ្លួនមកដោះស្រាយតាមនីតិវិធី។
ទន្ទឹមនឹងនោះលោក ព្រំ វិច បានសំណូមពរដល់អាជីវករទាំងអស់ សូមឱ្យរកមុខរបរណាដែលថ្លៃថ្នូរ និងស្របច្បាប់ ត្រូវលើកតម្លៃខេត្តសៀមរាប ជាខេត្តវប្បធម៌ផង ហើយចំពោះអ្នកនិយមពិសារសាច់សុនខ ក្នុងរយៈកាលកន្លងមក មេត្តាអធ្យាស្រ័យយោគយល់ ពីព្រោះវាអាចប៉ះពាល់ដល់សេចក្តីថ្លៃស្នូររបស់អ្នកហូប និងអាចប៉ះពាល់ដល់សុខភាពផងដែរ ព្រោះសត្វសុនខទាំងនោះ វាមិនមែនមានសុខភាពល្អទាំងអស់នោះឡើយ។
ជាមួយនេះថ្នាក់ដឹកនាំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរខេត្តសៀមរាប បានយកចិត្តទុកដាក់ និងជំរុញឱ្យមានការឈប់ជួញដូរសាច់សុនខ ដើម្បីលើកមុខមាត់នៃខេត្តទេសចរណ៍ និង ដើម្បីការពារសុខភាពពលរដ្ឋផងដែរ៕