(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងក្តីរីករាយណាស់ ដែលកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ បានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th AMM and Related Meetings) ប្រកបដោយភាពជោគជ័យ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងបែបនេះនៅព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំពិតជាមានការអរគុណ និងរីករាយខ្លាំងណាស់ ជាមួយនឹងអ្វី ដែលបានកើតឡើងកន្លងផុតទៅរយៈពេល ជាង ១០ថ្ងៃនេះ គឺការប្រជុំអាស៊ាន និងដៃគូរពាក់ព័ន្ធ ដែលមានទាំងវេទិកាតំបន់អាស៊ាន និងអាស៉ី-បូព៌ា ដែលប្រទេសរាប់សិបប្រទេស បានមកជួបជុំគ្នានៅរាជធានីភ្នំពេញ។ ខ្ញុំសូមកោតសរសើរចំពោះអាជ្ញាធរពាក់ព័ន្ធ ក្នុងការរក្សាសុវត្ថិភាព សម្រាប់ភ្ញៀវរបស់យើង ដែលមកកាន់ភ្នំពេញ ទាំងមន្ត្រីសន្តិសុខ ទាំងផ្នែកសុខាភិបាល»។
កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខាភ្នំពេញ ក្នុងរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។ អំឡុងពេលរៀបចំកិច្ចប្រជុំក្របខណ្ឌអាស៊ាននេះ លើពិភពលោកមានបញ្ហាធំៗជាច្រើន ដែលកំពុងកើតមាន ដូចជា បញ្ហាភាពតានតឹងនៅច្រកសមុទ្រកោះតៃវ៉ាន់ បញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា និងបញ្ហាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងសាជាថ្មីថា ខណៈដែលពិភពលោកកំពុងមានជម្លោះ សូម្បីតែការរៀបចំកៅអីសម្រាប់រដ្ឋមន្រ្តីការបរទេស ដែលមកប្រជុំក្នុងក្របខណ្ឌអាស៊ាន នៅរាជធានីភ្នំពេញ ក៏មានការលំបាកដែរ ដោយសារតែរដ្ឋមន្ត្រីការបរទេសខ្លះមិនចង់អង្គុយជិតគ្នា។
ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ សម្រាប់កិច្ចប្រឹងប្រែងក្នុងការរៀបចំសម្របសម្រួលកិច្ចប្រជុំដ៏សំខាន់នេះ។ សម្តេចតេជោ បានថ្លែងកោតសរសើរលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឧត្តមមន្ត្រីទាំងអស់ ដែលបានប្រឹងប្រែងសម្របសម្រួល និងឈានទៅចេញសេចក្តីថ្លែងការណ៍នានា ខណៈពិភពលោកចាក់ស្រេះទៅដោយបញ្ហា។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា សមិទ្ធផលដែលទទួលបាននោះ ជារឿងដែលមិនអាចមិនសរសើរពីសមត្ថភាពលោក ប្រាក់ សុខុន និងឧត្តមមន្ត្រីពាក់ព័ន្ធបាននោះឡើយ។ ជាមួយគ្នានេះ សម្តេចតេជោ បានថ្លែងអំណរគុណដល់ប្រទេសពាក់ព័ន្ធទាំងអស់ ដែលបានបង្កលក្ខណៈដល់កម្ពុជាចូលរួមចំណែកដោះស្រាយបញ្ហា។
សូមជម្រាបថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ រួមមាន៖
* កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
* ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស
* រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥
* សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនារបស់អាស៊ាន
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២៣
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៉ី-បូព៌ា លើកទី១២ ដែលមានសមាជិកចំនួន ១៨ប្រទេស
* កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩ ដែលមានសមាជិក ២៧ប្រទេស។
កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីឆ្នាំ២០០២ និង២០១២ ផងដែរ៕