(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា បន្ទាប់ពីដកហូតពីវិស័យឯកជនត្រឡប់មកវិញ ពេលនេះតំបន់ភ្នំតាម៉ៅ កំពុងត្រូវបានឈូសឆាយ សម្អាតដី ដើម្បីដាំកូនឈើប្រណីតឡើងវិញ ហើយមិនមែនជាការដាំដើម្បីបង្ហោះហ្វេសបុកនោះទេ។ សម្តេចបានបញ្ជាក់ថា ទាំងសួនសត្វ និងព្រៃនៅតំបន់ភ្នំតាម៉ៅទាំងមូល នឹងត្រូវកំណត់ជាតំបន់អភិរក្ស
ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ នាព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការសម្រេចលុបចោលលិខិតបទដ្ឋាននានា ដែលអនុញ្ញាតឱ្យវិស័យឯកជនអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅនេះ។ សម្តេចបានបញ្ជាក់ថា ពេលនេះសម្តេចបានបញ្ជាឱ្យ កងអង្គរក្សរបស់សម្តេចជាង១ពាន់នាក់ ដែលក្នុងនោះមានគ្រឿងចក្រ១១៣គ្រឿងផងដែរ ទៅរៀបចំដីឱ្យបានស្អាតល្អ ដើម្បីដាំកូនឈើឡើងវិញនៅតំបន់នេះ សម្រាប់បង្កើតជាឧទ្យាព្រៃឈើ ជារៀងរហូត។
សម្តេចបានបញ្ជាក់ដូច្នេះថា៖ «យើងមិនមែនដាំ ដើម្បី បង្ហោះហ្វេសប៊ុកឯណា ! សុទ្ធតែបេង ធ្នង់ នាងនួន សុទ្ធតែឈើប្រណីត អញ្ចឹងមិនមែនដាំហើយយកទៅបង្ហោះហ្វេសប៊ុកលេងឯណា ត្រូវដាំឱ្យវាត្រូវខ្នាតរបស់វា រួចហើយត្រូវតាមមើលការថែមទាំទៀត ដែលក្រុមហ៊ុនឈូសឆាយនឹងទទួលខុសត្រូវនៅពេលខាងមុខ សម្រាប់ការផ្តល់ឱ្យរដ្ឋបាលព្រៃឈើធ្វើការថែទាំងនៅពេលខាងមុខ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ពេលនេះភ្លៀងកំពុងតែធ្លាក់ ដែលការដាំដុះនឹងល្អប្រសើរហើយ។ សម្តេចបានរំលឹកអំពីការប ញ្ជារបស់សម្តេចឱ្យប្រែក្លាយតំបន់នេះ ទៅជាឧទ្យានព្រៃឈើ សួនដាំដើមឈើ ដែលមុននេះគ្រាន់តែជាព្រៃរបោះ មានធំខ្លះ មានវៀច ប៉ុន្តែមិនមែនជាឈើដែលទទួលផលទេ ប៉ុន្តែនៅពេលខាងមុខ តំបន់នេះក្លាយជាព្រៃឈើដែលមានតម្លៃ។
សម្តេចបានរំលឹកថា នៅពេលកន្លងទៅ បន្ទាប់ពីមានការអនុញ្ញាតឱ្យវិស័យឯកជនអភិវឌ្ឍតំបន់នេះ មានទស្សនៈពីរផ្សេងគ្នា ដោយមួយក្រុមចង់ឱ្យអភិវឌ្ឍ ហើយមួយក្រុមទៀតចង់ឱ្យរក្សាទុក ខណៈប្រជាពលរដ្ឋមួយចំនួនដែលរស់នៅជុំវិញមានការសប្បាយចិត្ត ដោយដីពួកគេបានឡើងថ្លៃ ហើយការសម្រេចលុបវិញនេះ ធ្វើឱ្យពួកគាត់ទាំងនោះមានការសោកស្តាយ។
«ប៉ុន្តែឥឡូវយើងសម្រេចចិត្តថា យើងទុកព្រៃហ្នឹងទាំងមូល និងដើម្បីធានាអះអាងថា នឹងមិនបាត់បង់នៅពេលក្រោយ ត្រូវដាក់ទាំងសួនសត្វតាម៉ៅ ព្រៃព័ទ្ធជុំវិញដែលដកហូតពីឯកជននេះ ឱ្យទៅជាតំបន់អភិរក្សដែលគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដដែល មិនមែនស្ថិតនៅក្រោមក្រសួងបរិស្ថានទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ។
សម្តេចបានបន្ថែមទៀតថា ពេលនេះកម្លាំងកងទ័ពដែលឈរជើងនៅទីនោះ កំពុងបំពេញការងារដាំដុះ ហើយទោះបីជាពេលនេះ កំពុងតែសម្អាតដីឱ្យបានស្អាត ប៉ុន្តែការដាំបានធ្វើឡើងជាបណ្តើរៗហើយ ដែលមានប្រមាណជិតមួយរយហិកតាទៅហើយ។ ដើម្បីធានាការលូតលាស់ ជាពិសេសឆ្លងកាត់រដូវប្រាំងនេះ សម្តេចបានបញ្ជាឱ្យក្រសួងកសិកម្ម សិក្សាអំពីប្រភពទឹក ដើម្បីទាញយកទៅស្រោចកូនឈើនៅរដូវប្រាំង ដែលសម្តេចជឿថា កូនឈើអាចមានបញ្ហានៅរដូវប្រាំងខាងមុខនេះ បើមិនមានទឹកគ្រប់គ្រាន់៕