(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា មន្ត្រីរាជការដែលមិនចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺមិនត្រូវបានតែងតាំងឱ្យកាន់មុខតំណែងផ្សេងៗនោះឡើយ។

ការបញ្ជាក់យ៉ាងច្បាស់ៗជាថ្មីៗ បែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ។

ជាមួយគ្នានេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា កម្ពុជាបានដើរទាន់ការវិវឌ្ឍន៍ផ្នែកឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន ធ្វើឱ្យសិស្សអាចសិក្សាអនឡាយ ក្នុងពេលមានការរាតត្បាតជំងឺកូវីដ១៩ ជាសកល។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបាននិយាយច្រើនដងហើយ សម្រាប់មន្ត្រីរាជការយើងមិនធ្វើការតែងតាំងអ្នកណាដែលមិនចេះប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺឱ្យធ្វើអក្ខរក ម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ហោចណាស់ត្រឹមតែងជុំវិញប្រព័ន្ធទូរស័ព្ទគ្រប់គ្រាន់ហើយ ព្រោះនៅក្នុងប្រព័ន្ធទូរស័ព្ទនេះ គឺមានគ្រប់សព្វ បើចេះប៉ុណ្ណឹងបានទើបអាចធ្វើការជាមួយគេបាន»

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកជាឧទាហរណ៍ថា សព្វថ្ងៃនាយករដ្ឋមន្ត្រីត្រូវធ្វើការដោយមានគ្រុបរបស់រដ្ឋាភិបាល គ្រុបជាមួយអភិបាលខេត្ត ព្រមទាំងគ្រុបជាមួយផ្នែកផ្សេងៗ ដូច្នេះ តើអែតមន្ត្រីនោះម៉េចនឹងបានបើមិនចេះប្រើទូរស័ព្ទ និងមិនចេះប្រើប្រាស់កម្មវិធីនានាដូចជា Telegram Whats App នៅក្នុងលើទូរស័ព្ទផង ដូច្នេះ គឺមិនអាចទទួលបានការចាត់តាំងនោះទេ។

នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបញ្ជាក់ថា ចំណុចនេះគឺវិបត្តិតែងមានបង្គប់នូវកាលានុវត្តភាព ហើយកាលានុវត្តភាពជាក់ស្តែងនៅកម្ពុជាទទួល គឺទាក់ទិនជាមួយនឹងបញ្ហាប្រព័ន្ធឌីជីថលនេះឯង ដែលធ្វើឱ្យដំណើរការទៅមុខ៕