(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ បានថ្លែងបញ្ជាក់ពីការបញ្ចប់កិច្ចសន្យាផ្តាច់មុខទាំងអស់ រវាងក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៉ិនធើណិត និងម្ចាស់បុរីនានា ដើម្បីអាចឲ្យក្រុមហ៊ុនផ្សេងទៀត មានសិទ្ធិក្នុងការប្រកួតប្រជែង បម្រើសេវាអ៉ិនធើណិត ដល់អ្នករស់នៅក្នុងបុរី។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចុះកិច្ចសន្យាផ្តាច់មុខ លើសេវាអ៉ិនធើណិតជាមួយម្ចាស់បុរី គឺជាកិច្ចសន្យាដ៏ខុសឆ្គងមួយ ស្តីពីការប្រកួតប្រជែងដោយសុចរិត ដែលរាជរដ្ឋាភិបាលមិនទទួលស្គាល់ជាដាច់ខាត ត្រូវលុបចោលទាំងអស់ ហើយជំរុញឲ្យមានក្រុមហ៊ុនផ្សេងៗ អាចចូលរួមប្រកួតប្រជែង។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រុមហ៊ុនទូរគមនាគមន៍នានា ប្រញាប់តបណ្តាញសេវានៅតាមបុរី បន្ទាប់ពីរាជរដ្ឋាភិបាលុបចោលកិច្ចសន្យាផ្តាច់មុខនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យម្ចាស់បុរីទាំងអស់ ត្រូវសហការបម្រើសេវាអ៉ិនធើណិត ដល់អ្នករស់ក្នុងបុរីឲ្យបានល្អ។
ការថ្លែងរបស់សម្តេចបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ៦២៣នាក់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃមុនឯកឧត្តម ជា វ៉ាន់ដេត បានប្រកាសបញ្ចប់ភាពផ្តាច់មុខរបស់ក្រុមហ៊ុនទូរគមនាគមន៍ជាមួយនឹងបុរី។ បើតាមតែខ្ញុំដឹង និងធ្វើទំនាក់ទំនងទៅតាមបុរី ព្រោះមន្ត្រីរបស់យើងមួយចំនួនរស់ក្នុងបុរី ពិបាកទាក់ទងគ្នាមែនទែន មហាពិបាក ដល់តែសួរទៅទើបដឹងថា ម្ចាស់បុរី គាត់ចុះហត្ថលេខាជាមួយក្រុមហ៊ុនអ៉ិនធើណិតមួយ អីចឹងក្រុមហ៊ុននោះមានសិទ្ធិផ្តាច់មុខក្នុងបុរី [...] ខ្ញុំបានបញ្ជាក់ហើយថា រដ្ឋាភិបាលអត់មានទទួលស្គាល់ កុងត្រារបស់អ្នកឯងទេ រដ្ឋាភិបាលត្រូវការឲ្យមានការប្រកួតប្រជែង ត្រូវការសេវាទាក់ទង ដូច្នេះត្រូវដំណើរការឲ្យលឿន ឲ្យក្រុមហ៊ុននានាទៅដំឡើងឲ្យបានលឿន»។
សូមជម្រាបថា បន្ទាប់ពីទទួលបានបទបញ្ជាពីសម្តេចតេជោនាយករដ្ឋមន្ត្រី, លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ បានប្រកាសលុបចោលទាំងអស់ នូវកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខ ដែលគ្រប់បុរីទាំងអស់ ដែលបានផ្តល់ឲ្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងសេវា Internet ព្រោះបានធ្វើឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋប្រើប្រាស់ ដោយសារគ្មានការប្រកួតប្រជែងរវាងប្រតិបត្តិករ។ ការលុបចោលកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខនេះ អនុវត្តន៍ចាប់តាំងពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២តទៅ។
បើតាមលោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ក្រុមការងាររបស់ក្រសួងបានធ្វើការចុះស្រង់ទិន្នន័យតាមបុរីជាង ១០០បុរីក្នុងរាជធានីភ្នំពេញ ដែលមានបុរីខ្លះផ្តល់សិទ្ធិផ្តាច់មុខ ដល់ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៉ឺធឺណិត ដែលនាំឲ្យអ្នកប្រើប្រាស់មានការលំបាក ក្នុងការប្រើប្រាស់ ព្រោះគ្មានជំរើស។ ជាមួយគ្នានេះ ក្រុមការងាររបស់ក្រសួង បានចុះធ្វើការតេស្តសេវាទូរស័ព្ទ នៅក្នុងបុរីបានចំនួន៦០បុរីរួចហើយ នៅតែចំនួន៤០បុរីទៀតប៉ុណ្ណោះ។
លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ដើម្បីដោះស្រាយបញ្ហាសេវាទូរស័ព្ទ និងអ៉ីធឺណិតនៅតាមបុរី ក្រសួងបានសម្រេចជ្រើសរើសយកបុរី ប៉េងហួត ជាគំរូមុនគេ បន្ទាប់មកទើបដោះស្រាយបុរីផ្សេងៗទៀត៕