(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់។ វត្តមានសម្តេចតេជោនាថ្ងៃនេះ គឺជាលើកទី៤ហើយ ដែលសម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។

របាយការណ៍របស់សាកលវិទ្យាល័យ បានឱ្យដឹងថា និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររងចំនួន ១១១នាក់ នារី ៧៩នាក់, ថ្នាក់បរិញ្ញាបត្រចំនួន ៤៤២នាក់ នារី ៣៤០នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៧០នាក់ នារី ១៧នាក់។ របាយការណ៍សាលាបានបង្ហាញដែរថា និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតផ្នែកវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥៦៥នាក់ នារី ៤១៤នាក់ និងនិស្សិតផ្នែកទូទៅក្រៅពីវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥៨នាក់ នារី ២២នាក់។

ចាប់តាំងពីការរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩ សាកលវិទ្យាល័យនានា បានខកខានការរៀបចំពិធីប្រគល់សញ្ញាបត្រជូននិស្សិតអស់រយៈពេលពីរឆ្នាំមកហើយ គឺឆ្នាំ២០២០ និង២០២១។ សម្តេចតេជោ ហ៊ុន សែន ក៏បានខកខានក្នុងការអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតតាមសាកលវិទ្យាល័យនានាអស់រយៈពេលប្រមាណជាពីរឆ្នាំដែរហើយ។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់កម្មវិធីប្រគល់សញ្ញាបត្រនេះ គឺជាផ្តល់កិត្តិយសដ៏ធំធេងសម្រាប់សាកលវិទ្យាល័យ ជាពិសេសនិស្សិតជយលាភីទាំងអស់ បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ បានស្ងប់ស្ងាត់ទៅវិញ។

វត្តមានរបស់សម្តេចតេជោ ក្នុងពិធីចែកសញ្ញាបត្រ គឺជាក្តីប្រាថ្នាមួយរបស់និស្សិតក្រោយពេលពួកគេបញ្ចប់ការសិក្សា ដោយជោគជ័យ។ ក្តីប្រាថ្នាធំមួយទៀតរបស់និស្សិត គឺចង់ទទួលបានការចែកសញ្ញាបត្រដោយផ្ទាល់ដៃពីសំណាក់សម្តេចតេជោ ដើម្បីបន្សល់នូវរូបភាពជាអនុស្សាវរីយ៍ដ៏រីករាយនៅក្នុងជីវិតសិក្សារបស់ពួកគេ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលបានបណ្តុះបណ្តាលលើជំនាញវេជ្ជសាស្ត្រមានដូចជា មហាវិទ្យាល័យហ្វាម៉ាស៊ី មហាវិទ្យាល័យឱសថសាស្ត្រ មហាវិទ្យាល័យគិលានុបដ្ឋាក និងឆ្មប មហាវិទ្យាល័យទន្តសាស្ត្រ មហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជីវបច្ចេកវិទ្យាជាដើម។ សាកលវិទ្យាល័យ ក៏មានបង្រៀនជំនាញផ្សេងៗមួយចំនួនទៀត ដូចជាមហាវិទ្យាល័យអក្សសាស្ត្រអង់គ្លេស មហាវិទ្យាល័យជំនួញ សហគ្រិនភាព និងបច្ចេកវិទ្យាជាដើម។

សាកលវិទ្យាល័យ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧។ លោក សុខ ពុទ្ធីវុធ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានឱ្យដឹងថា បច្ចុប្បន្នសាកលវិទ្យាល័យពុទ្ធិសាស្ត្រ មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងសាស្ត្រាចារ្យពេញម៉ោងសរុប ១៧២នាក់ នារី ៨៨នាក់ និងសាស្ត្រាចារ្យក្រៅម៉ោងសរុប ៣៣៧នាក់ នារី ៨៨នាក់។

ដោយឡែកនិស្សិតដែលកំពុងសិក្សាមានចំនួន ២,១៤៨នាក់ នារី ១,២៧៩នាក់។ គិតចាប់ពីឆ្នាំសិក្សា ឆ្នាំ២០០៦-២០០៧ ដល់ឆ្នាំសិក្សា ២០២១-២០២២ និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យមានចំនួន ៤,០៤៦នាក់ នារី ២,៣២៤នាក់។ យោតាមការស្ទង់មតិបានបង្ហាញថា និស្សិតដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ អ្នកមានការងារធ្វើមានជាង ៩៦ភាគរយ។

លោក សុខ ពុទ្ធីវុធ បានឱ្យដឹងថា សាកលវិទ្យាល័យមានឆន្ទៈបត្តេជ្ញាអភិវឌ្ឍខ្លួនឱ្យក្លាយទៅជាសាកលវិទ្យាល័យមួយដែលមានប្រសិទ្ធិភាព និងគុណភាពខ្ពស់ មានការទទួលស្គាល់ក្នុងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ។ ក្នុងន័យនេះ សាកលវិទ្យាល័យ បានខិតខំពង្រឹងយន្តការនៃការគ្រប់គ្រងគ្រប់ផ្នែក ពង្រឹងសមត្ថភាពរបស់សាស្ត្រាចារ្យ ធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា និងបំពាក់សម្ភារៈបរិក្ខារទំនើបៗ សម្រាប់បម្រើដល់ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពសិក្សារបស់និស្សិត ដោយជំរុញឱ្យនិស្សិតស្រឡាញ់ការសិក្សា ផ្លាស់ប្តូរទម្លាប់នៃការសិក្សារបស់ពួកគេឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការបង្កើត និងផ្តល់បរិយាកាសសិក្សាល្អប្រសើរ និងការលើកតម្កើងវប្បធម៌នៃការចែករំលែកចំណេះដឹងរវាងគ្នា និងគ្នា តាមរយៈការសិក្សាជាក្រុម ការស្រាវជ្រាវ ការអនុវត្តន៍ផ្ទាល់ និងការចូលរួមសកម្មភាពសង្គម៕