(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ បានបង្ហាញនូវការពង្រីកគោលដៅ ការងារទេសចរណ៍បន្ថែមថា រដ្ឋាភិបាល នឹងខិតខំទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគពីម៉ាកាវ ចូលមកប្រទេសកម្ពុជា ឱ្យកាន់តែច្រើន។
ថ្លែងក្នុងសិក្ខាសាលាស្ដីពី ការអភិវឌ្ឍវិស័យទេសចរណ៍ និងវិនិយោគ ព្រមទាំងការចុះអនុស្សារណៈរវាងកម្ពុជា និងតំបន់រដ្ឋពិសេ សម៉ាកាវ នាសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូកេត្រា លោក ថោង ខុន បានថ្លែងបញ្ជាក់ថា «តាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងនឹងខិតខំទាក់ទាញភ្ញៀវទេសចរ ពីម៉ាកាវមកទស្សនាក្នុងប្រទេសកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត ទាំងភ្ញៀវទេសចរចិន និងភ្ញៀវនៃប្រទេសទី៣ ព្រោះម៉ាកាវជាដែនដីសម្បូរភ្ញៀវទេសចរ និងដៃគូពាណិជ្ជកម្មច្រើន មកពីគ្រប់តំបន់ ហើយទន្ទឹមនេះកម្ពុជានឹង ធ្វើការផ្លាស់ប្ដូរ ពាណិជ្ជកម្ម ជាមួយម៉ាកាវផងដែរ ដែលនាំទៅដល់ការបង្កើន វិស័យវិនិយោគកាន់តែច្រើន ព្រោះកម្ពុជាមានអង្ករដ៏ឆ្ងាញ់ និងផ្លែឈើដ៏ល្អសម្បូរបែប ដែលនឹងនាំទៅលក់នៅម៉ាកាវ ហើយម៉ាកាវក៏នឹងលក់ចែកចេញទៅប្រទេសផ្សេងទៀត»។
លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ទៀតថា តាមរយៈការចុះអនុសារណៈ ជាមួយតំបន់រដ្ឋបាលពិសេសរបស់ចិន ដែលនិយាយភាសា ព័រទុយកាល់មួយនេះ ផ្តោតលើការងារសំខាន់មួយចំនួន រួមមាន៖ ទី១. ជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្រ្តរវាង ក្រសួងសង្គមកិច្ច និងវប្បធម៌ ម៉ាកាវ និងក្រសួងទេសចរណ៍ កម្ពុជា ក្នុងការជម្រុញការអភិវឌ្ឍលើវិស័យទេសចរណ៍ប្រកបដោយការ ទទួលខុសត្រូវខ្ពស់ និងនិរន្តរភាព, ទី២. ធានាឱ្យបាន នូវគុណភាព ក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលជាគន្លឹះនៃការអភិវឌ្ឍវិស័យ ទេសចរណ៍ ប្រកបដោយនិរន្តរភាព, ទី៣. ទទួលស្គាល់នូវវិស័យទេសចរណ៍ ដែលបានដើរតួរនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើន សេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈគម្រោងវិនិយោគ, ទី៤. ជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងកម្ពុជា ដើម្បីជម្រុញកំណើនភ្ញៀវទេសចរ ប្រកបដោយភាពឆាប់រហ័ស និងនិរន្តរភាព។
សូមបញ្ជាក់ថា ក្នុងពេលខាងមុខ កម្ពុជានឹងបើកជើងហោះហើរត្រង់ពីម៉ាកាវ មកដល់ក្រុងភ្នំពេញ និងខេត្តសៀមរាប ដោយហោះហើរ បានចំនួន៣ជើង ក្នុងមួយសប្ដាហ៍ តាមរយៈក្រុមហ៊ុន ម៉ាកាវអ៊ែរ (Macao Air) ដែលអាចនាំមកជាមួយ នូវភ្ញៀវទេសចរបរទេស ជាច្រើន បន្តពីតំបន់ម៉ាកាវផងដែរ៕