(ព្រះសីហនុ)៖ ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ បានចុះទៅអប់រំណែនាំឱ្យប្រជាពលរដ្ឋរុះរើខ្ទមខុសច្បាប់ដែលបានសង់លើទីតាំងដីកម្មសិទ្ធិឯកជន របស់គម្រោងដែលត្រូវបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ។

ក្នុងប្រតិបត្តិការនេះ មានប្រជាពលរដ្ឋមួយចំនួនបានស្ម័គ្រចិត្តប្រគល់ដីជូនម្ចាស់កម្មសិទ្ធិវិញ និងធ្វើកិច្ចសន្យាចាកចេញពីទីតាំង។ ដោយឡែកប្រជាពលរដ្ឋមួយចំនួនទៀតប្រដាប់ទៅដោយកាំបិត ចំពាមកៅស៊ូ ដុំថ្ម និងដបប្រេងសាំង បានចេញមុខតវ៉ារហូតដល់ប្រើអំពើហិង្សាលើក្រុមការងារចម្រុះខេត្ត ដែលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ដើម្បីយកមកសួរចម្លើយនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ។

ជនសង្ស័យទាំង៤នាក់នោះរួមមាន៖

ទី១៖ ឈ្មោះ ទេព សារ៉ា ហៅក្រៅថា ទេព ម៉ៅ
ទី២៖ ឈ្មោះ ឈិន បូនី
ទី៣៖ ឈ្មោះ សេង មករា
ទី៤៖ ឈ្មោះ ឃួន តារ៉ា

បើតាមចម្លើយសារភាពរបស់ជនទាំង៤ បានឱ្យដឹងថា ការសាងសង់ខ្ទមខុសច្បាប់ក្នុងទីតាំងខាងលើ គឺជាការរៀបចំដោយមានមេក្លោងនៅពីក្រោយបោកបញ្ឆោតប្រជាពលរដ្ឋឱ្យចូលមកទិញដី ឬចែកដីក្នុងទីតាំងរបស់ក្រុមហ៊ុនឯកជន និងបានយកប្រជាពលរដ្ឋខែល។

បច្ចុប្បន្ននេះសមត្ថកិច្ចខេត្តព្រះសីហនុបានកំណត់មុនសញ្ញាមេក្លោងបានមួយចំនួនហើយ។

ជាមួយគ្នានេះ ជនសង្ស័យទាំង៤នាក់ បានទទួលស្គាល់កំហុសរបស់ខ្លួន និងបានអំពាវនាវឱ្យប្រជាពលរដ្ឋផ្សេងទៀត ដែលបានចាញ់បោកការញុះញង់របស់មេខ្យល់ សូមឱ្យរុះរើខ្ទមរបស់ខ្លួនដោយស្ម័គ្រចិត្ត និងចាក់ចេញពីទីតាំងដីកម្មសិទ្ធិឯកជនតាមការណែនាំរបស់អាជ្ញាធរខេត្ត ដើម្បីបញ្ចៀសការប្រឈមមុខចំពោះផ្លូវច្បាប់។

គួរបញ្ជាក់ថា សំណង់មិនរៀបរយនេះមានការកើនឡើងច្រើនក្នុងកំឡុងពេលយុទ្ធនាការឃោសនាក្រុមប្រឹក្សាឃុំ សង្កាត់នាពេលកន្លងមក ហើយរដ្ឋបាលខេត្តបានអប់រំឱ្យប្រជាពលរដ្ឋទាំងនោះ រុះរើខ្ទមរបស់ពួកគេចេញម្ដងរួចមកហើយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២៕