(ឡាវ)៖ រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ បានសំណូមពរដល់ រដ្ឋមន្ត្រីក្រសួងការជាតិកម្ពុជា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ នៅតាមបណ្តោយព្រំដែន ប្រទេសទាំងពីរកម្ពុជា-ឡាវ ដើម្បីកសាងព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ហើយកងទ័ពទាំងពីរត្រូវបន្ត ចូលរួមសហការជួយដល់ គណៈកម្មាការបោះបង្គោលព្រំដែនប្រទេសទាំងពីរផងដែរ នេះបើតាមគេហទំព័រ ក្រសួងការពារជាតិកម្ពុជា ទើបចុះផ្សាយនៅថ្ងៃទី៣០ ខែឧសភានេះ។
ការស្នើរបស់រដ្ឋមន្ត្រីការពារជាតិឡាវយ៉ាងដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគី រវាងរដ្ឋមន្ត្រីការពារជាតិឡាវ-កម្ពុជា នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការជាតិកម្ពុជា បានឯកភាពចំពោះការសំណូមពររបស់ឡាវ ហើយក៏បានជំរុញឲ្យ អង្គភាពកងទ័ពទាំងពីរ ដែលឈរជើងតាមព្រំដែនបន្តជួបគ្នាដោះស្រាយបញ្ហា នៅនឹងកន្លែងឲ្យបានល្អប្រសើរ ដើម្បីធានាសុវត្ថិភាព និងសន្តិភាពដល់ការរស់នៅ និងការប្រកបមុខរបររកស៊ីប្រចាំថ្ងៃ នៃប្រជាជនប្រទេសទាំងពីរ ។
ក្នុងកិច្ចប្រជុំទ្វេភាគីនោះដែរ ឧត្តមសេនីយ៍ឯក ចាន់ សាម៉ន ចាន់យ៉ាឡាត រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ និង នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការជាតិកម្ពុជា បានវាយតំលៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរកម្ពុជា-ឡាវ នាពេលកន្លងមក ហើយរដ្ឋមន្ត្រីការពារជាតិ ប្រទេសទាំងពីរបានប្តេជ្ញាចិត្តរឹតចំណង សាមគ្គីភាពមិត្តភាព កិច្ចសហប្រតិបត្តការ រវាងកងទ័ពប្រទេសទាំងពីរ ឲ្យបានកាន់តែខ្លាំងក្លាឡើងថែមទៀត។
រដ្ឋមន្ត្រីការពារប្រទេសឡាវ បានស្នើសុំដល់រដ្ឋមន្ត្រីការពារជាតិកម្ពុជា ឲ្យមានការផ្លាស់ប្តូរប្រតិភូ រវាងកងទ័ព នៃប្រទេសទាំងពីរ ឲ្យបានញឹកញាប់ទាំងប្រតិភូកំរិតខ្ពស់ ទាំងប្រតិភូជំនាញឯកទេសនិសិ្សត ក្នុងការធ្វើទស្សនកិច្ចសិក្សា និងប្រតិភូសំរាកបំប៉នគ្រួសារកងទ័ព។
ក្នុងឪកាសនោះ នាយឧត្តមសេនីយ៍ ទៀ បាញ់ និង លោក ចាន់សាម៉ន ក៏បានអញ្ជើញជាគណៈអធិបតីក្នុង ពិធីចុះហត្ថលេខា លើពិធីសារ កិច្ចសហប្រតិបត្តការ រវាងក្រសួងការពារជាតិ នៃកម្ពុជា និងក្រសួងការពារប្រទេសឡាវផងដែរ៕