(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងលោក ស៊ឺន សាយ នាយកប្រតិបត្តិនៃសារព័ត៌មានខេមបូណូមីស បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា។
លោក សុខ ដារ៉ា បានឱ្យដឹងថា គោលបំណងនៃការចុះអនុស្សរណៈនេះ គឺដើម្បីបង្កើតកិច្ចសហការក្នុងភាពជាដៃគូជាមួយអង្គភាពសារព័ត៌មានខេមបូណូមីស ក្នុងការបង្កើនការជំរុញនិងលើកកម្ពស់ការយល់ដឹងបន្ថែម ក៏ដូចជាដើម្បីបញ្ជ្រាបការយល់ដឹងអំពីកិច្ចដំណើរការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា យន្តការបរធនបាលកិច្ច លក្ខខណ្ឌតម្រូវក្នុងការធ្វើប្រតិបត្តិការ បទដ្ឋានគតិយុត្តពាក់ព័ន្ធ និងផលប្រយោជន៍ដែលអាចទាញយកចេញពីប្រតិបត្តិការបរធនបាលកិច្ច ការបង្កើតនិងបង្កើនទំនុកចិត្តតាមរយៈការបង្កើតបរធនបាលកិច្ចក្នុងធុរកិច្ចពាក់ព័ន្ធ ក្នុងប្រតិបត្តិការររំហូរមូលធនទៅគ្រប់វិស័យក្នុងសេដ្ឋកិច្ច និងសង្គមកម្ពុជា។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ មានការញចូលរួមពីតំណាងនិយ័តករក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ក្រុមហ៊ុនបរធនបាល និងក្រុមហ៊ុនផ្ដល់សេវាក្នុងវិស័យបរធនបាលកិច្ចផងដែរ៕