(ភ្នំពេញ)៖ អគ្គនាយកដ្ឋានភស្តុភារ និងហិរញវត្ថុ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ បានរៀបចំពិធី ចុះហត្ថលេខា លើកិច្ចសន្យាគម្រោងវិនិយោគសាងសង់អគារស្នាក់នៅ ពន្ធនាគារ រវាងក្រសួងមហាផ្ទៃ និងក្រុមហ៊ុន គន្ធរីខុន ហូលឌីង ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ម៉ៅ ប៊ុនណារិន អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ និងហិរញវត្ថុ នៃក្រសួងមហាផ្ទៃ ។
ក្រៅពីការអនុវត្ត គម្រោងផ្លូវការ ក្នុងការសាងសង់ អគារពន្ធនាគារស្នាក់នៅ ក៏មានការចុះហត្ថលេខាលើគម្រោងអប់រំកែប្រែ អ្នកប្រើប្រាស់ថ្នាំញៀន , និងអគារថែទាំសុខភាព សម្រាប់ផ្តល់សេវាកម្មដល់ជនជាប់ឃុំទាំងឡាយ ដែលមានលទ្ធភាព បង់ថ្លៃសេវាស្ម័គ្រចិត្ត។
នៅក្នុងឱកាសនោះ លោក ម៉ៅ ប៊ុនណារិន បានស្វាគមន៍ លោក យូ ឆេងម៉ិញ អគ្គនាយកក្រុមហ៊ុន គន្ធរីខុន ហូលឌីង ដែលបានសម្រេចចិត្តវិនិយោគ គម្រោងសាងសង់អគារស្នាក់នៅពន្ធនាគារនៅក្នុងក្រសួងមហាផ្ទៃនៃកម្ពុជា ដោយសុភវិនិច្ឆ័យត្រឹមត្រូវ និងមានទំនុបចិត្តខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជា។
លោក ម៉ៅ ប៊ុនណារិនបានបន្តថា គម្រោងខាងលើនេះ គឺជាធាតុផ្សំយ៉ាងសំខាន់ នៃការអនុវត្តការងារកំណែទម្រង់ស៊ីជម្រៅ និងផែនការយុទ្ធសាស្រ្ តនៃការងារពន្ធនាគារ ក្រសួងមហាផ្ទៃ។
លោកក៏បានស្នើឲ្យគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ដែលមានចំណុះឲ្យអគ្គនាយកដ្ឋានភស្តុតាង និងហិរញ្ញាវត្ថុ បង្កើនការសហការគ្នាឲ្យបានល្អ ជាមួយអគ្គនាយកដ្ឋានពន្ធនាគារ និងក្រុមហ៊ុន ដើម្បីរៀបចំអនុវត្តគម្រោងសាងសង់ពន្ធនាគារស្នាក់នៅនេះ ឲ្យបានល្អប្រសើរ និងទាន់ពេលវេលាដើម្បីសម្រេចបាននូវភារកិច្ចថ្មីនេះ ឲ្យបានជោគជ័យ។
គម្រោងសាងសង់ពន្ធនាគារថ្មី ត្រូវបានមន្ត្រីអះអាងថា ជាពន្ធនាគារទំនើបដំបូងគេ ដែលអនុញ្ញាតឲ្យអ្នកមានកម្រិតជីវភាពធូរធាស្នាក់នៅ ជាមួយនឹងការគ្រប់គ្រង ដោយប្រព័ន្ធសុវត្ថិភាពយ៉ាងល្អិតល្អន់ ហើយពន្ធនាគារថ្មីនេះ រំពឹងថានឹងជួយសម្រួល ភាពចង្អៀតណែនក្នុងពន្ធនាគារបច្ចុប្បន្ន និងនាំមកនូវប្រាក់ចំណូល ជូនរាជរដ្ឋាភិបាលទៀតផង។
លោក នុត សាវនា អគ្គនាយករង អគ្គនាយដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានប្រាប់អង្គភាព Fresh News តាមទូរស័ព្ទនៅរសៀល ថ្ងៃទី៣០ ខែឧសភានេះថា បើតាមព័ត៌មានដែល លោកទទួលបានពន្ធនាគារដែលគ្រោងនឹងសាងសង់នេះ អាចនឹងស្ថិតនៅជិតមណ្ឌល អប់រំកែប្រែម១ (ព្រៃស) ស្ថិតក្នុងខណ្ឌដង្កោ ហើយពន្ធនាគារថ្មីនេះ ជាពន្ធនាគារទំនើប ប្រើប្រាស់នូវប្រព័ន្ធសុវត្ថិភាពខ្ពស់។
លោក នុត សាវនា បានឲ្យដឹងទៀតថា ពន្ធនាគារទំនើបដំបូងគេនេះ នឹងសាងសងដោយក្រុមហ៊ុនឯកជន គ្រប់គ្រងដោយមន្ត្រីជំនាញ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ។ ពន្ធនាគារថ្មីនេះ មិនត្រឹមតែជួយសម្រួលដល់ការចង្អៀតណែន របស់ពន្ធនាគារប៉ុណ្ណោះទេ វាថែមទាំងផ្តល់ចំណូល ដល់រាជរដ្ឋាភិបាលផងដែរ។
បើតាមលោក នុត សាវនា បច្ចុប្បន្នមណ្ឌលអប់រំកែប្រែម១ មានផ្ទុកអ្នកទោស រហូតដល់ជាង៤៤០០នាក់ ដែលសមត្ថភាពពិត របស់មណ្ឌលអប់រំកែប្រែនេះ មានតែចំនួន១២០០នាក់ប៉ុណ្ណោះ។ ដូច្នេះការសាងសង់ពន្ធនាគារថ្មីនេះ នឹងជួយសម្រួលដល់ការងារ ចង្អៀតណែន ក្នុងពន្ធនាគារព្រៃសបានមួយកម្រិត៕