(ភ្នំពេញ)៖ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ សហការជាមួយក្រុមហ៊ុនមេធាវី DFDL រៀបចំសិក្ខាសាលាស្តីពី «កិច្ចការពារអ្នកប្រើប្រាស់ ពាក់ព័ន្ធនឹងខសន្យាមិនសុច្ចរិត» ជូនដល់ភាគីពាក់ព័ន្ធ ដែលអញ្ជើញមកពីវិស័យធនាគារ ធានារ៉ាប់រង ក្រុមហ៊ុនមេធាវី ទូរគមនាគមន៍ អចលនទ្រព្យ អប់រំ វិស័យផ្សេងទៀត និងមន្ត្រី នៃអគ្គនាយកដ្ឋាន ក.ប.ប. ប្រមាណ៩០រូប ។
សូមបញ្ជាក់ថា ប្រកាសស្តីពីខសន្យាមិនសុចរិត កំណត់អំពីលក្ខខណ្ឌ និងនីតិវិធី សម្រាប់អនុវត្ត ចំពោះទម្រង់ស្តង់ដារ នៃកិច្ចសន្យា និងប្រភេទខសន្យាមិនសុចរិត ដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់ ពាក់ព័ន្ធអំពីការកេងចំណេញ ហួសហេតុ និងការរំលោភបំពាន លើស្ថានភាព ដែលកើតមានឡើងតាមរយៈទំនាក់ទំនងនៃកិច្ចសន្យា ដែលធ្វើឡើងរវាងអ្នកប្រើប្រាស់និងបុគ្គលធ្វើធុរកិច្ច ដើម្បីផ្គត់ផ្គង់ទំនិញ និង/ឬសេវា នៅកម្ពុជា។ ប្រកាសនេះ មានវិសាលភាពអនុវត្តលើគ្រប់ទម្រង់ស្តង់ដារ នៃកិច្ចសន្យា ដែលបង្កើតឡើងក្នុងគោលបំណង ផ្តត់ផ្គង់ទំនិញ និង/ឬសេវានៅកម្ពុជា ដូចបានកំណត់ក្នុងច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
ក្នុងឱកាសនោះ លោកប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានលើកឡើងថា ដោយមានការអនុញ្ញាតពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» លោកក្នុងនាមជាសមាជិក និងជាលេខាធិការ នៃគ.ជ.ក.ប បានចូលរួមក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នាថ្ងៃនេះ និងសូមស្វាគមន៍លោកលោកស្រី តំណាងវិស័យឯកជន ដែលបានអញ្ជើញចូលរួម សិក្ខាសាលាស្តីពី «កិច្ចការពារអ្នកប្រើប្រាស់ ពាក់ព័ន្ធនឹងខសន្យាមិនសុច្ចរិត» ដែលរៀបចំដោយក្រុម ហ៊ុនមេធាវី DFDL សហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
សិក្ខាសាលានេះ គឺជាគំនិតផ្តួចផ្តើមដ៏ល្អមួយក្នុងការឆ្ពោះ ទៅរកការលើកកម្ពស់ការយល់ដឹងអំពីច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្នុងចំណោមធុរកិច្ច និងភាគីពាក់ព័ន្ធដទៃទៀត។ សិក្ខាសាលានេះផ្តោតសំខាន់ទៅលើ ខ្លឹមសារប្រកាសស្តីពីខសន្យាមិនសុចរិត ដែលនឹងជាជំនួយក្នុងការរៀបចំ ទម្រង់ស្តង់ដារនៃកិច្ចសន្យាអ្នកប្រើប្រាស់ ឱ្យមានអនុលោមភាពតាមខ្លឹមសារច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ ដែលនឹងដើរតួយ៉ាងសំខាន់ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក៏ដូចជាធានានូវការធ្វើធុរកិច្ច ប្រកបដោយយុត្តិធ៌ម។
អគ្គនាយកដ្ឋាន ក.ប.ប. ដែលជាលេខាធិការដ្ឋាន នៃគ.ជ.ក.ប ដែលជាអង្គភាពអនុវត្តច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ នឹងបន្តធ្វើការផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីឱ្យធុរជន និងអ្នកប្រើប្រាស់បានយល់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន និងឈានទៅដល់ការ អនុវត្តច្បាប់ បើរកឃើញនូវបទល្មើសប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕