(ភ្នំពេញ)៖ លោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានសម្តែងនូវការកោតសរសើរ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានដឹកនាំ គ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃ រហ័ស និងទាន់ពេលវេលា ក្នុងនោះរួមទាំងមន្រ្តីស្ថានទូតចក្រភពអង់គ្លេស និងប្រជាជនអង់គ្លេស ដែលរស់នៅកម្ពុជាផងដែរ។
ការថ្លែងដូច្នេះរបស់លោកស្រីឯកអគ្គរាជទូតចក្រភពអង់គ្លេស ក្នុងឱកាសលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល អនុញ្ញាតឲ្យចូលជួបសំដែងការគួរសម និងជម្រាបលា ក្នុងខណៈពេលលោកស្រីបានបញ្ចប់អណត្តិបេសកកម្ម ការទូតនៅកម្ពុជា ដែលធ្វើឡើងនាទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ។
ក្នងឱកាសនោះ លោកស្រីឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស ក៏បានថ្លែងអំណរគុណដល់លោកស្រីរដ្ឋលេខាធិការ និងក្រសួងសុខាភិបាល ដែលតែងតែផ្តល់នូវកិច្ចសហការយ៉ាងល្អ ជាមួយដៃគូរបស់ប្រទេសអង់គ្លេសទាំងអស់។
លោកស្រីឯកអគ្គរដ្ឋទូត ក៏បានរាយការណ៍អំពីកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល ដូចជា៖
* បានផ្តល់វ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ៤១៥.០០០ដូស កាលពីខែកញ្ញាឆ្នាំ២០២១
* បានផ្តល់សម្ភារៈឧបករណ៍សុវត្ថិភាពសម្រាប់មន្រ្តីសុខាភិបាល (PPE) រួមមាន៖ ម៉ាស់ធម្មតា ម៉ាស់ N95 អាវអៀម ស្រោមដៃ មួយចំនួន។
* បានផ្តល់មូលនិធិក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី អាស៊ាន អង្គការ GAVI មជ្ឈមណ្ឌលកូវ៉ាក់ អង្គការសុខភាពពិភពលោក មូលនិធិសកលប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់។
ជាការឆ្លើយតប លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះចក្រភពអង់គ្លេស តាមរយៈស្ថានទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា ដែលបានផ្តល់ការគាំទ្រទាំងថវិកា និងបច្ចេកទេសដល់វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសក្នុងកាលៈទេសៈនៃការរាលដាលជំងឺកូវីដ-១៩ ដែលបានចូលរួមចំណែកអាចឱ្យកម្ពុជាបើកដំណើរការទាំងសេដ្ឋកិច្ច និងសង្គម ឡើងវិញ។
លោកស្រីរដ្ឋលេខាធិការ ក៏បានជម្រាបជូនភាគីមិត្ត អំពីបទពិសោធន៍នៃការគ្រប់គ្រង ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ដែលជោគជ័យនេះកើតឡើងពីការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាអគ្គមេបញ្ជការដឹកនាំចង្អុលបង្ហាញផ្ទាល់។
លើសពីនោះ លោកស្រីរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ លោកស្រីឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស ដែលតែងតែសហការសម្របសម្រួលក្នុងអណត្តិបេសកកម្មការទូតរបស់លោកស្រី ជំរុញឱ្យចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចក្រភពអង់គ្លេស កាន់តែត្រូវបានពង្រឹង និងពង្រីក។
លោកស្រី យក់ សម្បត្តិ ក៏បានជូនពរលោកស្រីឯកអគ្គរដ្ឋទូត ឱ្យបានទទួលជោគជ័យថែមទៀតក្នុងការទទួលភារកិច្ចថ្មី៕