(កំពង់ធំ)៖ លោក ឈរ បៀនគង់ តំណាងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងក្រុមការងារ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បាននាំយកថវិកា១២លានរៀល ដែលជាថវិការបស់សមាគមមិត្តបុគ្គលិក កសិកម្មកម្ពុជា ទៅប្រគល់ជូនគ្រួសារនៃសព អតីតមន្ត្រីមន្ទីរកសិកម្ម៣នាក់ ដែលមាន៣ទីតាំងផ្សេងគ្នា ដើម្បីទុកសម្រាប់ដោះស្រាយជីវភាពផងដែរ។
នាឱកាសនោះលោក ឈរ បៀនគង់ បានសំដែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះគ្រួសារសព ដែលបានធ្វើមរណៈកាលកន្លងទៅ។
លោកបានថ្លែងថា ការបាត់បង់មន្ត្រីខាងលើ គឺជាការបាត់បង់អតីតមន្ត្រីសកម្មរបស់មន្ទីរ ដែលបានលះបង់កម្លំាងកាយចិត្ត ខិតខំបំពេញការងារជូនរដ្ឋ ដោយបានបន្សល់ទុកនូវស្នាដៃជាច្រើន ដល់អ្នកជំនាន់ក្រោយ និងជាការបាត់បង់នូវបិតា ដែលជាអ្នកមានគុណជាទីគោរព និងស្រឡាញ់ផងដែរ។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម សូមសម្តែងសមានចិត្តដ៏សែនក្តុកក្តួលសោកស្តាយស្រណោះអាឡោះអាល័យក្រៃលែង និងសូមចូលរួមមរណៈទុក្ខជាមួយគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកស្រី ស្ថិតនៅតាមជួយថែរក្សាដល់ក្រុមគ្រួសារ និងបានទៅចាប់បដិសន្ធិ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ថា សម្រាប់គ្រួសារសពទាំងបី មានដូចខាងក្រោម៖
*ទី១៖ លោកស្រី ឡេង គឹមហុង ត្រូវជាភរិយារបស់លោក ឈុយ គឹមហ៊ង មន្ត្រីចូលនិវត្តន៍នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន។
*ទី២៖ លោកស្រី ចេង ឡាំ ត្រូវជាភរិយារបស់លោក អៀ សារិន មន្ត្រីចូលនិវត្តន៍នៅភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក។
*និងទី៣៖ លោក ហែម ណាល់ មន្ត្រីចូលនិវត្តន៍នៅភូមិធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុក៕