កងទ័ពអ៉ីរ៉ាក់ ចាប់ផ្តើមសម្រុកចូលទីក្រុង Fallujah ដើម្បីកម្ទេចមូលដ្ឋានក្រុម ISIS
30-05-2016 15:21
(អ៉ីរ៉ាក់)៖ កងទ័ពនៃប្រទេសអ៉ីរ៉ាក់ បានចាប់ផ្តើមយុទ្ធនាការលុកលុយចូលទីក្រុង Fallujah ដែលជា មូលដ្ឋានដ៏ខ្លាំងក្លាមួយរបស់ពួក ISIS ក្បែររដ្ឋធានីបាកដាដ ដើម្បីកម្ចាត់ក្រុមភេរវករនេះ ចេញពីទីក្រុងនោះតែម្តង។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ Channel News Asia នារសៀលថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០១៦។
យោធាអ៉ីរ៉ាក់ បានរៀបគំរោងក្រសោបយកទីក្រុង Fallujah ជាយូរណាស់មកហើយ ប៉ុន្តែពេលនេះវា បានក្លាយជាឱកាសល្អស្របពេលដែល មូលដ្ឋានសំខាន់ៗរបស់ពួក ISIS ជាច្រើនទាំងនៅអ៉ីរ៉ាក់ និងស៊ីរី បានចាប់ផ្តើមថមថយឥទ្ធិពល។ រហូតមកដល់ពេលនេះ គេអាចឮសំឡេងផ្ទុះ និង គ្រាប់កាំភ្លើងនៅក្នុង សង្កាត់ Naimiya ភាគខាងត្បូងទីក្រុង Fallujah ដែលជាការប្រយុទ្ធគ្នារវាងទ័ព ISIS និង អ៉ីរ៉ាក់។
គួរបញ្ជាក់ថាកងទ័ពអ៉ីរ៉ាក់ ដែលកំពុងបំពេញប្រតិបត្តិការនៅពេលនេះ បានទទួលការឧបត្ថមពី ពួកសកម្មប្រយុទ្ធអ៉ីរ៉ាក់ និកាយស៊ីអ៊ីត។ ប្រតិបត្តិការបានចាប់ផ្តើមឡើងដំបូងតាំងពីថ្ងៃទី២៣ ខែឧសភា មកម្ល៉េះ ប៉ុន្តែរហូតមកដល់ថ្ងៃចន្ទ ទី៣០ នេះទើបកងទ័ពអ៉ីរ៉ាក់អាចសម្រុកមកដល់ជាយក្រុង Fallujah ដែលមានចម្ងាយ ៥០ គីឡូម៉ែត្រនៃភាគខាងលិចទីក្រុងបាកដាដ៕