(ភ្នំពេញ)៖ ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព បានឧបត្ថម្ភកម្ទេចថ្មសម្រាប់ជួសជុលផ្លូវឡើងទៅច្រកអានសេះ ដែលត្រូវបានទឹកភ្លៀងហូរច្រោះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកព្រំដែនអានសេះ ដែលស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លោក ចិន ខន្តី រួមជាមួយសមត្ថកិច្ច កងកម្លាំង ប្រចាំច្រកព្រំដែនអានសេះ បានថ្លែងអំណរយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ដែលបានផ្តល់ថ្មសម្រាប់យកមកជួសជុលផ្លូវឡើងច្រកអានសេះ ដែលរងការខូចខាតដោយទឹកភ្លៀងហូរច្រោះ។
លោក ចិន ខន្តី បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះថា រយៈពេលប៉ុន្មានថ្ងៃនេះ មេឃចាប់ផ្តើមធ្លាក់ភ្លៀងរហូត ជាហេតុបណ្តាលឲ្យទឹកភ្លៀងដែលធ្លាក់ពីលើកំពូលភ្នំ ហូរច្រោះផ្លូវរងការខូចខាត បង្ករការលំបាកក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញផ្សេងៗ ឡើងចុះច្រកព្រំដែនអានសេះ របស់ប្រជាពលរដ្ឋមានការលំបាក។
ដើម្បីសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាដឹកជញ្ជូនទំនិញផ្សេងៗរបស់ប្រជាពលរដ្ឋឡើង ចុះ ច្រកព្រំដែនអានសេះមានភាពងាយស្រួល និងមានសុវត្ថិភាព លោកក៏បានស្នើសុំកម្ទេចថ្មពីក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ដើម្បីយកមកចាក់លុបកន្លែងទឹកភ្លៀងហូរច្រោះ លុបគ្រលុប និងរៀបចំបើកផ្លូវមុខទឹកដើម្បីកុំឲ្យទឹកហូរច្រោះខូចផ្លូវតទៅទៀត មកដល់ថ្ងៃនេះផ្លូវឡើងច្រកអានសេះអាឲ្យប្រជាពលរដ្ឋបើកបរមានភាពងាយស្រួលវិញហើយ។
លោក ចិន ខន្តី ក្នុងនាមសមត្ថកិច្ច កងកម្លាំង និងប្រជាពលរដ្ឋរស់ អាជីវករ នៅភូមិអានសេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ដែលបានផ្តល់កំទេចថ្មយកមកជួសជុលផ្លូវដែលត្រូវទឹកភ្លៀងហូរច្រោះសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកប្រធានច្រកក៏បានថ្លែងពីស្ថានភាពច្រកព្រំដែនអានសេះ ចាប់តាំងពីថ្ងៃបើកដំណើរការបើកច្រកមក គឺមានសភាពធម្មតា ប្រជាពលរដ្ឋនៃប្រទេសទាំង២ ចេញ ចូល ដោះដូរទំនិញគ្នាជាធម្មតាដោយមិនមានបញ្ហានោះទេ៕