(ព្រៃវែង)៖ លោក សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមប្រតិបត្តសាខា និងក្រុមការងារអនុសាខាក្រុង អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះចំនួន ៣ខ្នង ធ្វើអំពីឈើ ជញ្ជាំងស័ង្កសី និងដំបូលប្រក់ក្បឿងជ័រ រួមទាំងបង្គន់អនាម័យ ចំនួន ៣ ដែលជាអំណោយរបស់សាខាខេត្ត កាកបាទក្រហមកម្ពុជាព្រៃវែង ជូនដល់គ្រួសារក្រីក្រ ៣ គ្រួសារ ក្នុងក្រុងព្រៃវែង។
ក្នុងឱកាសនោះលោក សុខ ផេង បាននាំមកនូការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
លោកអនុប្រធាន បានផ្តាំផ្ញើបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ជាពិសេសក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩ នេះឱ្យសោះ បើទោះបីជាកម្ពុជាមានស្ថានភាពធូរស្រាលក៏ដោយ និងអនុវត្តការរស់នៅតាមប្រក្រតីភាពថ្មី ក៏ដូចជាចេះការពារខ្លួន និងបង្ការពីការរីករាលដាលពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ និង២ចូលរួម របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ សាខាក៏បានផ្តល់ជូននូវអំណោយ និងថវិកា ក្នុង ១គ្រួសារ ១០០,០០០រៀល ក្នុងនោះ អនុសាខាក្រុង បន្ថែមថវិកាចំនួន ៥ ម៉ឺនរៀល ក្នុង ១គ្រួសារ ក្នុងនោះ បានឧបត្ថម្ភថវិកាផ្ទាល់ ដល់គ្រួសារនៅសង្កាត់បារាយណ៍ ចំនួន ២០ម៉ឺនរៀលផងដែរ៕