(កំពង់ធំ)៖ លោក គង់ សារិទ្ធ អាយុ៥៣ឆ្នាំ ជាអតីតយុទ្ធជនរស់នៅនៅភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ទទួលបានផ្ទះ១ខ្នងពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាអំណោយផ្ទះទី២០៦។
ការប្រគល់ផ្ទះខាងលើនេះធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានឱ្យដឹងថា ផ្ទះទី២០៦នេះ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជានិងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោកពលបាលឯក គង់ សារិទ្ធ បានចូលបម្រើក្នុងជួរកងទ័ពក្នុងឆ្នាំ១៩៨៥ នៅអង្គភាពកងពលធំលេខ៤ចាស់ ហើយបានត្រូវរបួសពិការនៅក្នុងសមរភូមិភ្នំវែង ខេត្តប៉ៃលិន នៅឆ្នាំ១៩៩៣។ លោក គង់ សារិទ្ធ ជាបុរសពោះម៉ាយនិងមានកូននៅក្នុងបន្ទុកចំនួន៣នាក់។ ដោយជីវភាពលំបាកខ្វះខាតទើបលោកគ្មានលទ្ធភាពក្នុងការសាងសង់ផ្ទះសមរម្យនៅលើដីដែលខ្លួនមាន។ ដោយឃើញពីការលំបាកនេះ ក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សុំការសម្រេចសាងសង់ផ្ទះថ្មី តាមរយៈទេសរដ្ឋមន្រ្តី គន់ គីម ជូនគាត់ដោយបានសាងសង់ជាផ្ទះទាមនៅផ្ទាល់ដី ចាក់សាប ឆ្អឹងដែក ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី ដើម្បីងាយស្រួលក្នុងការឡើងចុះ និងប្រកបរបររកទទួលទានដោយរត់ម៉ូតូឌុប និងប៉ះកង់គួបផ្សំនឹងប្រាក់បៀវត្សរ៍ប្រចាំខែរបស់គាត់ដើម្បីចិញ្ចឹមជីវិត។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់សូមរួមគ្នាចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីភាពសុខដុមរមនារបស់ប្រជាជនទាំងអស់គ្នា។ ជាមួយនេះ ត្រូវចេះអនាម័យជុំវិញផ្ទះនិងពិសាទឹកស្អាតឬទឹកឆ្អិន ដើម្បីសុខភាពល្អរួមទាំងការបន្តការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ និងអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៤ និងដូសទី៥ឲ្យបានគ្រប់ៗគ្នា។
ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន៖ អង្ករចំនួន៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រី/ទឹកស៊ីអ៉ីវចំនួន២យួរ ត្រីខចំនួន១យួរ និងថវិកាមួយចំនួនផងដែរ។
អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជននៅឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ហ៊ុន ម៉ាណែត និងលោកស្រី រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលតែងតែយល់ពីសុខទុក្ខរបស់អតីតយុទ្ធជន៕