(ឧត្តរមានជ័យ)៖ លោក ឃិន ញ៉ាណ អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្ត នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ និងអាជ្ញាធរស្រុកចុងកាល់ នាំអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត យកទៅប្រគល់ជូនគ្រួសាររងគ្រោះ ដោយរន្ទះបាញ់ស្លាប់ និងពលរដ្ឋទីទ័លក្រ ចាស់ជរា នៅភូមិអូរស្រម៉ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
នៅក្នុងឱកាសនេះដែរ លោក ឃិន ញ៉ាណ បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលតែងបានគិតគូរ យកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋយើង ពិសេសប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្មានទីពឹង និងពលរដ្ឋរងគ្រោះធម្មជាតិផ្សេងៗ។ លោកក៏ពាំនាំនូវការសួរសុខទុក្ខ ពីលោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ជូនប្រជាពលរដ្ឋផងដែរ។
ក្នុងនាមលោក ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ លោក ឃិន ញ៉ាណ បានថ្លែងនូវការចូលរួមសោកស្តាយ ចំពោះហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់ ដែលបណ្តាលឲ្យពលរដ្ឋជាអ្នកស្ម័គ្រចិត្ត កាកបាទក្រហមម្នាក់ស្លាប់ចោលក្រុមគ្រួសារ។ លោកក៏បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនពីគ្រោះធម្មជាតិផ្សេងៗ ពិសេសគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ ភ្លៀង ផ្គររន្ទះជាដើម។
សូមបញ្ជាក់ថា អំណោយដែលចែកជូនគ្រួសាររងគ្រោះដោយរន្ទះបាញ់១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, មុង១, សារុង១, ភួយ១, ក្រមា១ និងថវិកា១,៥៣៥,០០០រៀល។ ដោយឡែកពលរដ្ឋទីទ័លក្រ ចាស់ជរាចំនួន៥គ្រួសារទៀត ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, មុង១, សារុង១, ភួយ១ និងក្រមា១ ផងដែរ៕