(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសឲ្យដឹងថា ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋ ឥណ្ឌូណេស៊ី បានសហការជាមួយ អាជ្ញាធរឥណ្ឌូណេស៊ី និងអង្គការអន្តរជាតិទេសន្តប្រវេសន៍ (IOM) រៀបចំ បញ្ចូនពលករខ្មែររងគ្រោះ ចំនួន៥៤នាក់ ពីកោះ Pontianak ប្រទេស ឥណ្ឌូ-ណេស៊ី ជាពីរក្រុម ឱ្យត្រលប់មកកាន់ប្រទេសកម្ពុជាវិញ។
យោងតាមរបាយការណ៍ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា សម្រាប់ក្រុមទី១ មានចំនួន២៧នាក់ នឹងមក ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ១៧:១០នាទីល្ងាច តាមជើងយន្តហោះ MH៧៦២ ។
ចំណែក ក្រុមទី២ មានចំនួន ២៧ នាក់ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ១៧:១០នាទីល្ងាច តាម ជើងយន្តហោះ MH៧៦២។
កន្លងមក ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែរម្នាក់ ឈ្មោះហេង តូច អាយុ២៦ឆ្នាំ មានស្រុកកំណើត នៅភូមិ អំពិលកញ្ច្រិញ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដែលបានទៅធ្វើការជាស្រ្តីជំនួយការមេផ្ទះ នៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១១ តាម រយៈក្រុមហ៊ុន PH នៅកម្ពុជា និងក្រុមហ៊ុន LAW & CHEW នៅម៉ាឡេស៊ី និងបានទៅស្ថានទូត នៅថ្ងៃទី១៤ខែឧសភា ឆ្នាំ២០១៦ សុំជួយឲ្យ បានវិលត្រឡប់ មកកម្ពុជាវិញ។
តាមការសំរបសំរួល របស់ស្ថានទូត ថៅកែបានបើកប្រាក់ខែជូនគ្រប់ចំនួន និងយល់ព្រមទិញសំបុត្រយន្តហោះ ឱ្យពលការិនីរូបនេះ។ ពលការិនី ហេង តូច បានមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ០៣:៥៥ នាទី រសៀល តាមជើងយន្តហោះ AK ៥៣៤។
គួរបញ្ជាក់ថា ក្រសួងការរបទេសកម្ពុជា និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងកំឡុងពេល រង់ចាំការត្រឡប់មកកម្ពុជាវិញ ស្ថានទូត បានផ្តល់កន្លែងស្នាក់នៅ និងហូប-ចុក ជូនដល់ ពលការិនី ហេង តូច ផងដែរ៕