(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោក ចាយ បូរិន តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការច្បាប់បទបញ្ជានិងនីតិវិធីខេត្ត បានអញ្ជើញផ្សព្វផ្សាយការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ សម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ នៃរដ្ឋសភា ដល់មេភូមិ មេឃុំ និងមន្ត្រីសាលាស្រុក ក្នុងមូលដ្ឋានស្រុកតំបែរចំនួន២២៦នាក់។
លោក ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេច លោក លោកស្រី ដែលជាថ្នាក់ដឹកនាំស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិគ្រប់លំដាប់ថ្នាក់ ជូនអង្គពិធីទាំងមូល។
លោកប្រធានគណៈកម្មការច្បាប់បានចែករំលែកបទពិសោធន៍ ចំណេះដឹង និងផ្សព្វផ្សាយនូវឯកសារចាំបាច់មួយចំនួនដែលពាក់ព័ន្ធនឹងការចុះឈ្មោះ ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជូនដល់សមាជិកសមាជិកាចូលរួមទាំងអស់បានយល់ដឹងអំពីច្បាប់និងបទបញ្ជានីតិវិធី និងស្របតាមប្រតិទិន គ.ជ.ប ដើម្បីមានមូលដ្ឋានយកទៅអនុវត្តតាមភារកិច្ច របស់ខ្លួនឱ្យបានកាន់តែប្រសើរឡើងថែមទៀត។
លោកក៏បានរម្លឹកដល់អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធនៅក្នុងមូលដ្ឋានស្រុកតំបែរទាំងអស់ត្រូវសហការគ្នារៀបចំឯកសារ បែបបទ អនុវត្តតាមប្រតិទិន (គ.ជ.ប) ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់ បានចុះឈ្មោះក្នុងបញ្ជី បោះឆ្នោត ឆ្នាំ២០២២ ដូចជាអ្នកទើបតែផ្លាស់ប្តូរទីលំនៅ អ្នកទើបត្រឡប់ពីចំណាកស្រុក អ្នកគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អ្នកដែលកើតមុនឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ អ្នកទើបគ្រប់អាយុ ១៨ឆ្នាំ ឱ្យបានទៅចុះឈ្មោះគ្រប់ៗគ្នាក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ដោយអនុវត្តចាប់ផ្តើមពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ តាមប្រតិទិន គ.ជ.ប ជាពិសេសការចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះដែលមានរយៈពេល៥០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។
លោកប្រធានគណៈកម្មការច្បាប់បានផ្តាំផ្ញើដល់មន្ត្រីសាលាស្រុក-ឃុំ-មេភូមិ ត្រូវយកចិត្តទុកដាក់និងជំរុញប្រជាពលរដ្ឋឱ្យអញ្ជើញទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា ព្រោះថាបើគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោតទេ មានន័យថាបងប្អូនមិនអាចចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០២៣ បានឡើយ។
បន្ទាប់មកនៅព្រឹកថ្ងៃដដែលនេះ លោក ចាយ បូរិន បានប្រគល់ថវិកា ដែលជាអំណោយមនុស្សធម៌របស់សប្បុរសជនខ្មែររស់នៅរដ្ឋមីនីសូតាសហរដ្ឋអាមេរិក ជូនដល់លោក នាដ្ឋ រ៉ាវុធ ប្រធានក្រុមប្រឹក្សាស្រុក សម្រាប់ខូងអណ្តូងទឹក ចំនួន៧ ជូនបងប្អូនប្រជាជន នៅក្នុងមូលដ្ឋាន ស្រុកតំបែរ។ អ្នកតំណាងរាស្រ្ត ក៏បានអញ្ជើញពិនិត្យទីតាំងបុកអណ្តូងទឹកនៅឃុំតំបែរ-ឃុំសេដា-ឃុំត្រពាំងព្រីង-ឃុំចុងជាច ឃុំគោកស្រុក និងឃុំទឹកជ្រៅ៕