(ព្រះសីហនុ)៖ សមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត រៀបចំកិច្ចប្រជុំរយៈពេលមួយថ្ងៃ នៅថ្ងៃទី១៦ សីហា ឆ្នាំ២០២២ រវាងគណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារនៃសមាគមជាតិ ជាមួយប្រធាន គ.ក.ស.ក ២៥ នៃក្រុមប្រឹក្សារាជធានី ខេត្ត ក្នុងគោលបំណងឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារ ចែករំលែកបទពិសោធន៍ល្អៗ និងលើកឡើងអំពីបញ្ហាប្រឈម ដើម្បីកំណត់ជាអនុសាសន៍រួមសម្រាប់ស្វែងរកដំណោះស្រាយ និងការអន្តរាគមពីក្រសួង ស្ថាប័នពាក់ព័ន្ធ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ រដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំទស្សនកិច្ចសម្រាប់អ្នកចូលរួម ស្វែងយល់អំពីកិច្ចការអភិវឌ្ឍនានារបស់ខេត្ត ដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា។
កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត, លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយមានអ្នកចូលរួមប្រមាណ ១២០រូប ជាថ្នាក់ដឹកនាំសមាគមជាតិ, សមាជិកក្រុមប្រឹក្សារាជធានី ខេត្តជាស្រ្តីនៅទូទាំងប្រទេស, ថ្នាក់ដឹកនាំសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន, តំណាងក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារី។
សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានី ខេត្ត។ ដើម្បីសម្រេចបាននូវគោលបំណងនេះ សមាគមជាតិនៅឆ្នាំ២០១៧ បានបង្កើតឡើងគណៈកម្មការចំនួនបី៖ទី១ គណៈកម្មការអភិវឌ្ឍន៍សមត្ថភាព ទី២. គណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តីនិងកុមារ និង ទី៣. គណៈកម្មការទំនាក់ទំនងសាធារណៈ ដែលមានតួនាទី ភារកិច្ចរៀងៗខ្លួនដើម្បីជួយសមាគមជាតិ។
គណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់យោបល់ និងជួយការងារបច្ចេកទេសពាក់ព័ន្ធនឹងការងារស្រ្តី និងកុមាររបស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។ រីឯ គណៈកម្មការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ.ក.ស.ក) នៃក្រុមប្រឹក្សារាជធានី ខេត្ត មានសិទ្ធិ និងភារកិច្ចផ្តល់យោបល់ និងលើកអនុសាសន៍ជូនក្រុមប្រឹក្សា គណៈអភិបាល អភិបាល និងគណៈកម្មាធិការដទៃទៀតរបស់ក្រុមប្រឹក្សា លើបញ្ហាពាក់ព័ន្ធនឹងសមាភាពយេនឌ័រ បញ្ហាស្រ្តីនិងកុមារនៅក្នុងអំណាច មុខងារ និងភារកិច្ចរបស់ក្រុមប្រឹក្សា (មាត្រា ១២៨ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ)។
ការលើកកម្ពស់ស្រ្តីក្នុងវិស័យនយោបាយ និងមុខងារសាធារណៈ” គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពនានាដែលរាជរដ្ឋាភិបាលកម្ពុជា គិតគូរយកចិត្តទុកដាក់ និងលើកកម្ពស់ ដើម្បីជម្រុញការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អនៅកម្ពុជា។ បើប្រៀបធៀបពីមួយអាណត្តិទៅមួយអាណត្តិ សមាជិកក្រុមប្រឹក្សារាជធានី ខេត្តជាស្រ្តី មានការកើនឡើងគួរឱ្យកត់សម្គាល់។
យោងតាមតួលេខរបស់ គ.ជ.ប ក្នុងអាណត្តិទី១ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត មានចំនួន ៣៧៤ រូប (ស្រ្តី ៣៧ រូប), ក្នុងអាណត្តិទី២ មានចំនួន ៣៩៣ រូប (ស្រ្តី ៥២ រូប) ហើយក្នុងអាណត្តិទី៣ នេះ មានចំនួន ៥៥៩ រូប (ស្រ្តី ៩៧ រូប)៕