(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យមើលស្ថានភាពទឹកនៅក្នុងអាងទឹកអន្លង់ជ្រៃ ក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ដើម្បីត្រៀមដោះស្រាយទឹកជំនន់ទឹកភ្លៀងដែលអាចនឹងជន់លិចផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ៤០ និងលេខ៤១ ជាថ្មីទៀត។
លោក ស៊ុន សុវណ្ណារិទ្ធិ បានឱ្យដឹងថា យោងសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ បានបង្ហាញថា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ កម្ពុជានឹងមានភ្លៀងបន្តធ្លាក់ស្ទើរគ្រប់ទីកន្លែង ដែលអាចធ្វើឱ្យតំបន់ផ្ទៃរងទឹកភ្លៀង និងខេត្តមួយចំនួនទទួលបរិមាណទឹកភ្លៀងកើនឡើងបន្ថែមទៀត ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀងសារជាថ្មីទៀត។
នៅក្នុងស្ថានភាពនេះ កម្រិតទឹកនៅក្នុងអាងទឹកអន្លង់ជ្រៃ មានការកើនឡើង ប៉ុន្តែមិនទាន់មានបញ្ហាប្រឈមអ្វីទេ។ លោកអភិបាលខេត្តបានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីប្រចាំការធ្វើការរាយការណ៍ពីស្ថានភាពទឹកជាប្រចាំ និងបើកទ្វារបង្ហូរទឹកសន្សឹមៗកុំឱ្យមានការជន់លិចនៅផ្នែកខាងក្រោមជាពិសេសផ្លូវជាតិលេខ៥។
មន្ត្រីនៅក្នុងក្រុមការងារ បានឱ្យដឹងថា អាងទឹកអន្លង់ជ្រៃ គឺជាអាងរក្សាទុកទឹកភ្លៀងដ៏ធំមួយសម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះ និងតំបន់នៅផ្នែកខាងក្រោមប្រើប្រាស់។ នៅពេលមានភ្លៀងធ្លាក់ច្រើនទឹកក្នុងអាងនឹងហក់ឡើង ហើយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីប្រចាំការនឹងបើកទ្វារទឹកទៅតាមកម្រិតនៃសន្ទុះទឹក ដែលទឹកនឹងហូរធ្លាក់ចុះមកផ្នែកខាងក្រោមតាមដងស្ទឹងក្រាំងពន្លៃ ដែលនឹងអាចហូរ ច្រោះខ្លាំងនៅត្រង់កំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៤០ និងលេខ៤១ ចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ។
កន្លងមកលោកអភិបាលខេត្ត តែងបានចាត់ក្រុមការងារខេត្តស្រុក មន្ទីរជំនាញពាក់ព័ន្ធ និងកម្លាំងមានសមត្ថកិច្ច សហការជាមួយក្រុមហ៊ុនជប៉ុន សាងសង់ផ្លូវជាតិលេខ៥ ចុះអន្តរាគមន៍ដោះស្រាយបញ្ហាទឹកហូរច្រាល់ខ្លាំងត្រង់ កំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៤០ និងលេខ៤១ និងជួយសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះ ក៏ដូចជាបង្ការកុំឱ្យគ្រោះថ្នាក់ជាយថាហេតុដល់ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរ។
ចំពោះស្ថានភាពខាងលើនេះ អាជ្ញាធរខេត្តសូមអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់មូលដ្ឋានសូមមានការប្រុងប្រយ័ត្នខ្ពស់ចំ ពោះស្ថានភាពទឹកភ្លៀងតាមការជូនដំណឹងរបស់ក្រសួងធនធាន ទឹកនិងឧតុនិយម ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ជំនន់ទឹកភ្លៀងឱ្យបានទាន់ពេលវេលាកុំឱ្យប៉ះពាល់ដល់ទ្រព្យសម្បតិ្ត និងអាយុ ជីវិតសត្វ និងប្រជាពលរដ្ឋ៕