(ភ្នំពេញ)៖ តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ បានអំពាវនាវដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ ដែលបានចុះបញ្ជីរួចរាល់ សូមប្រញាប់រួសរាន់ចូលបង់ពន្ធឱ្យបានឆាប់ ចៀសវាងការឃាត់សួរតាមដងផ្លូវ។
ក្នុងសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា បន្ទាប់
ពីការសម្រេចដ៏របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីការអនុញ្ញាតឱ្យប្រមូលពន្ធ និងអាករលើរថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ ក្នុងប្រទេសដែលនៅសេសសល់ ដោយ ពុំតម្រូវឱ្យកែចង្កូត, ម្ចាស់រថយន្តចង្កូតស្តាំគ្រប់ប្រភេទ បានយករថយន្តគ្មានពន្ធរបស់ខ្លួន មកបង់ពន្ធនិងអាករ ឬចុះបញ្ជីជាបន្តបន្ទាប់ នៅតាមបណ្តាអង្គភាពគយ និងរដ្ឋាករពាក់ព័ន្ធ។
បន្ទាប់ពីបានបិទបញ្ចប់ជាស្ថាពរ នូវការអនុញ្ញាតឱ្យចុះបញ្ជីរថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ ក្នុងប្រទេសដែលម្ចាស់បានយកមកចុះបញ្ជីរួចត្រូវបាន ទុកពេលវេលារហូតដល់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ដើម្បីបំពេញកាតព្វកិច្ចពន្ធ និងអាករឱ្យបានរួចរាល់។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា «សូមរំលឹកដល់ម្ចាស់រថយន្តចង្កូតស្តាំ ដែលបានចុះបញ្ជីរួចតែមិនទាន់បានបង់ពន្ធ និងអាករ
ត្រូវរួសរាន់ចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករលើរថយន្តរបស់ខ្លួនឱ្យបានឆាប់ ដើម្បីចៀសវាងការឃាត់សួរដោយមន្ត្រីគយ និងរដ្ឋាករ មានសមត្ថកិច្ចជាយថា ហេតុពេលកំពុងចរាចរតាមដងផ្លូវ ដែលអាចបង្កជាការរំខាននានា ហើយក៏ដើម្បីចៀសវាងការភ្លេច ឬខកខានមកបំពេញកាតព្វកិច្ចពន្ធ និងអាករតាមកាលកំណត់ ដែលអាចបណ្ដាលឱ្យទទួលរងនូវវិធានការនានាជាបន្តបន្ទាប់»។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្ថែមទៀតថា ខ្លួនកំពុងចាត់វិធានការចុះបង្ក្រាបរថយន្តគ្មានពន្ធមានស្រាប់ ក្នុងប្រទេសនៅសេសសល់ ដែលម្ចាស់មិនបានមកបំពេញកាតព្វកិច្ចពន្ធ និងអាករ ឬចុះបញ្ជីក្នុងរយៈពេលដែលបានអនុញ្ញាតកន្លងមក ហើយរថយន្តចង្កូតស្តាំ ដែលបង្ក្រាបបានជាមុខសញ្ញានៃការរឹបអូសតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕