(កំពង់ស្ពឺ)៖ ឆ្លើយតបនឹងគ្រោះរាំងស្ងួតយុទ្ធនាការ ដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋ ត្រូវបានធ្វើឡើងយ៉ាងសស្រាក់សស្រាំ រយៈពេលជាង ១ខែកន្លងទៅនេះ។ ក្រៅពីការចែកចាយទឹក ការជីក ស្តារ ស្រះ និង អណ្តូងទឹក ក៏ត្រូវបានរាជរដ្ឋាភិបាលយកចិត្ត ទុកដាក់ខ្លាំង ហើយស្រះ និងអណ្តូងទឹកជាច្រើនត្រូវបានស្តារ និងជីក ដើម្បីស្តុកទឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់។
ឆ្លើយតបការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា លោក អ៊ុក កោសា អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកឧដុង្គ និង ភរិយា បានសម្ពោធដាក់ឲប្រើប្រាស់ស្រះទឹកចំនួន ០២កន្លែង នៅភូមិព្រៃធំ ស្ថិតក្នុងឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ។
លោក យឿង សួស មេឃុំយុទ្ធសាមគ្គី បានឲ្យដឹងថា ឃុំយុទ្ធសាមគ្គីទាំងមូល រហូតមកដល់បច្ចុប្បន្ននេះ បានទទួលការជីកស្តារ ស្រះទឹកមានចំនួន០៤ ពីក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហើយសមិទ្ធផលស្រះទឹកចំនួន ០២កន្លែង ដែលបានបើកសម្ភោធនាពេលនេះ មួយមានទំហំ ៤២ម៉ែត្រ គុណនឹង ៥៥ម៉ែត្រ និងមួយទៀតមានទំហំ ៣០ម៉ែត្រ គុណ ៥០ម៉ែត្រ និង មានជំរៅ០៥ម៉ែត្រ ដោយចំណាយថវិកា ៤,៤៥០ដុល្លាអាមេរិក ជាអំណោយរបស់លោក អ៊ុក កោសា និងលោកស្រី ជៀម ម៉ាលីន និង មានការចូលរួមពីសប្បុរសជន ប្រជាជន និងក្រុមការងារ ចុះជួយស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
លោក អ៊ុក កោសា បានមានប្រសាសន៍ថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅលើការងារចុះជួយប្រជាពលរដ្ឋដែលកំពុងមានការខ្វះខាតទឹកកន្លងមកនេះក្រុមការងារ ថ្នាក់ជាតិ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកឧត្តុង្គ បានយកចិត្តទុកដាក់ចុះជួយជីកស្តារស្រះទឹកជូនបងប្អូន ប្រជាពលរដ្ឋនៅតាមបណ្តាភូមិឃុំទាំង១៥ នៃស្រុកឧត្តុង្គ ដែលរហូតមកដល់ពេលនេះមានចំនួន ០៦កន្លែង ក្នុងចំណោម១០កន្លែង បានបើកសម្ភោធដាក់ឲ្យ ប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ ។
លោក បានបន្តថា ជានិច្ចកាលគណបក្សប្រជាជនមិនដែលរត់ចោលប្រជាជននោះទេ តែងឈរនៅជាមួយប្រជាជនការពារផល ប្រយោជន៍ប្រជាជន និងជួយប្រជាជននៅគ្រប់ពេលវេលា។ ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងប្រទេសជាតិមានការរីកចំរើនគ្រប់វិស័យ ជាពិសេសការរក្សានូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដើម្បីអភិវឌ្ឍជាតិ។ ឯកឧត្ដម បានលើកទឹកចិត្ត និងជំរុញឲ្យ អាជ្ញាធរដែនដីនិងប្រជាជន បន្តចូលរួមជាមួយការកសាង ការពារនិងអភិវឌ្ឍន៍ជាតិ ជាពិសេសការថែរក្សាសមិទ្ធផលនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោក អ៊ុក កោសា និងលោកស្រី បានឧបត្ថម្ភថវិកាដល់ជនរងគ្រោះដោយអំពើហឹង្សា នៅភូមិព្រៃធំ ចំនួន ៥នាក់ ក្នុងនោះមាន ០៣នាក់របួសធ្ងន់ក្នុងម្នាក់ៗទទួលបានថវិកា ៥០ម៉ឺនរៀល និង ០២នាក់របួសស្រាល ម្នាក់ៗថវិកា ២០ម៉ឺនរៀលនិងបាននាំយក អំណោយវត្ថុអនុស្សាវរីយ៍ ចែកជូនដល់ប្រជាពលរដ្ឋ ៦៦៧នាក់ផងដែរ៕