(ភ្នំពេញ)៖ សៀវភៅអាថ៌កំបាំងក្រៅឆាកក្រោយវាំងននរបស់មេដឹកនាំអាស៊ាននិងពិភពលោក ចាប់ពីទំព័រទី៣៦-៣៩ បានបញ្ជាក់អំពីប្រធានបទមួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ នៅប្រទេសម៉ាឡេស៉ី កាលពីថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០១៥ ដោយក្នុងនោះអាស៊ានបានបបួលប្រទេសសមាជិកផ្លាស់ប្ដូរម៉ោងឱ្យដូចគ្នា ព្រោះខ្លាចរកស៊ីចាញ់ចិន និងហុងកុង។
មាតិកាទី៤នៃសៀវភៅនេះមានចំណងជើងថា អាស៊ានបបួលគ្នាដូរម៉ោង ដោយសារខ្លាចរកស៊ីចាញ់ចិន៖
ប្រទេសម៉ាឡេស៊ីបានធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ ឆ្នាំ២០១៥ ដោយបានបញ្ចុះបញ្ចូលបណ្ដាប្រទេសសមាជិកដទៃទៀត (៦ប្រទេស) ឱ្យនាំគ្នាដូរម៉ោងឱ្យដូចប្រទេសរបស់ខ្លួន។ ប្រទេសចំនួន៤មានកម្ពុជា វៀតណាម ឡាវ ថៃ ត្រូវដូរ១ម៉ោងឱ្យលឿនជាងមុន រីឯភូមាត្រូវដូរដល់ទៅ១ម៉ោងកន្លះ ចំណែកឯឥណ្ឌូណេស៊ីវិញត្រូវដូរដែរ តែមានថែម១ម៉ោង និងថយ១ម៉ោង អាស្រ័យទៅតាមតំបន់ក្នុងប្រទេសរបស់ខ្លួន។ ដោយឡែកប្រទេស៤ទៀត គឺម៉ាឡេស៊ី សិង្ហបុរី ព្រុយណេ និងហ្វីលីពីនមានម៉ោងដូចគ្នាស្រាប់ហើយ។
ការស្នើឱ្យមានការដូរម៉ោងឱ្យដូចគ្នា ឬម៉ោងអាស៊ានតែមួយ (ASEAN Common Time = ACT) ត្រូវបានស្នើឡើងជាផ្លូវការដោយប្រទេសម៉ាឡេស៊ី កាលពីខែមករា ឆ្នាំ២០១៥ ហើយម៉ាឡេស៊ីចង់ឱ្យថ្នាក់ដឹកនាំអាស៊ានទាំងអស់អនុម័តនៅអំឡុងពេលប្រជុំកំពូលអាស៊ានលើកទី២៧ កាលពីថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០១៥ នៅទីក្រុងគូឡាឡាំពួ ដោយទាញហេតុផលថា៖ ទី១. ជានិមិត្តរូបនៃសមាហរណកម្មអាស៊ានឆ្នាំ២០១៥ ទី២. ដើម្បីផលចំណេញដល់ផ្នែកសេដ្ឋកិច្ច ធនាគារ អាជីវកម្មផ្នែកផ្សារភាគហ៊ុន សេវាកម្មដឹកជញ្ជូន និងសេវាកម្មអាកាសចរណ៍ ទី៣. សម្រួលដល់ការទំនាក់ទំនងគ្នារវាងស្ថាប័ននិងស្ថាប័ន រដ្ឋាភិបាលនិងរដ្ឋាភិបាលក្នុងបណ្តាប្រទេសទាំង១០ ទី៤. ងើបធ្វើការនិងរកស៊ីឱ្យទាន់ប្រទេសចិននិងហុងកុង និងទី៥. បង្ហាញពីសាមគ្គីភាពក្នុងចំណោមប្រទេសទាំង១០។ល។
* នរណាជាអ្នកនាំអាទិ៍ដូរម៉ោងមុនគេ?
អ្នកដែលនាំអាទិ៍ដូរម៉ោងមុនគេនោះ គឺកូនប្រទេសដែនកោះសិង្ហបុរី តាមរយៈនាយករដ្ឋមន្ត្រី ហ្គោ ចុកថុង (Goh Chok Tong) ដែលបានលើកបញ្ហានេះតាំងឆ្នាំ១៩៩៥ ហើយ១០ឆ្នាំក្រោយមក នៅពេលប្រទេសម៉ាឡេស៊ីធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០០៥ ម៉ាឡេស៊ីក៏លើករឿងនេះមកនិយាយដែរ តែមិនទាន់មានការជជែកគ្នាស៊ីជម្រៅនៅឡើយ។ ចូលដល់ខួប១០ឆ្នាំក្រោយ ម៉ាឡេស៊ីចាប់ផ្ដើមលើកម្ដងទៀតចំពេលខ្លួនធ្វើម្ចាស់ផ្ទះ។ ឫសគល់ដែលនាំឱ្យសិង្ហបុរីនិងម៉ាឡេស៊ីគិតដល់ការដូរម៉ោងនេះ គឺជាទស្សនវិស័យសេដ្ឋកិច្ចដ៏វែងឆ្ងាយមួយ ឬនិយាយមួយបែប សិង្ហបុរីនិងម៉ាឡេស៊ីមិនចង់ឱ្យចាញ់ប្រទេសចិននិងហុងកុង ព្រោះម៉ោងនៅចិននិងហុងកុងដើរលឿន១ម៉ោងមុនប្រទេសជាសមាជិកអាស៊ានមួយចំនួន ដែលជាបច្ច័យធ្វើឱ្យប្រទេសចិន ឬប្រជាជនរបស់គេអាចធ្វើការ-រកស៊ីចំណេញ១ម៉ោងមុនអាស៊ាន។
* ប្រទេស១០ ម៉ោងខុសគ្នា៤ល្វែង
ជាទូទៅ ប្រទេសនីមួយៗតែងយកម៉ោងសកល Greenwich Mean Time Zone (GMT) នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស មកធ្វើជារង្វាស់ប្រៀបធៀបនៃម៉ោងខុសគ្នាពីប្រទេសមួយទៅប្រទេសមួយទៀត។ ប្រទេសឥណ្ឌូណេស៊ីខុសគេខុសឯងក្នុងចំណោមសមាជិកអាស៊ានទាំង១០ ព្រោះម៉ោងខុសគ្នាដល់ទៅ៣ល្វែង (ភាគខាងកើត កណ្តាល និងខាងលិច)។
* ប្រទេសណាខ្លះជំទាស់?
ភូមានិងថៃនៅស្ទាក់ស្ទើរមិនទាន់គាំទ្រនៅឡើយទេ ដោយសារតែភូមាត្រូវដូរដល់ទៅ១ម៉ោងកន្លះឯណោះ រីឯថៃវិញគេទាញហេតុផលថា គេត្រូវការពេលវេលាយូរបន្ថែមទៀតដើម្បីសិក្សា ក្នុងនោះអាចរួមទាំងការធ្វើប្រជាមតិផង ព្រោះការដូរម៉ោងអាចប៉ះពាល់ដល់ប្រជាពលរដ្ឋ។ បន្ថែមលើពីនេះ ថៃផ្តល់ហេតុផលថា៖ ទី១. បើដូរដោយថែម១ម៉ោង (GMT+8) ហេតុដូចម្តេចក៏មិនដូរថយមកក្រោយ១ម៉ោងវិញ (GMT+7) ព្រោះចំនួនពលរដ្ឋនិងប្រទេសដែលជាសមាជិកអាស៊ានប្រកាន់យក GMT+7 មានចំនួនច្រើនជាង ទី២. បើគិតអំពីផ្សារភាគហ៊ុន ឬសេវាអាកាសចរ ហេតុអ្វីក៏មិនដូរម៉ោងប្រតិបត្តិឱ្យត្រូវគ្នាជាជាងដូរម៉ោងរបស់ប្រទេសទាំងមូល ទី៣. ការដូរម៉ោងខុសពីទម្លាប់បែបនះ អាចប៉ះពាល់ដល់សរីរាង្គរបស់មនុស្ស និងជីវភាពរស់នៅប្រចាំថ្ងៃ។ល។ នេះជាការពន្យល់មួយបែបរបស់ភាគីថៃ ហើយយើងអាចយល់បានថា ដោយសារប្រទេសថៃគ្រប់គ្រងដោយរបបយោធា ដូច្នេះអ្នកដឹកនាំអាចពិចារណាបញ្ច្រាសទិសជាមួយលោក ថាក់ស៊ីន ស៉ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលធ្លាប់បានលើកនិងស្នើឱ្យដូរម៉ោងនៅប្រទេសថៃម្តងដែរកាលពីឆ្នាំ២០០៣ គឺដូរឱ្យលឿនទៅមុខមុន១ម៉ោង ក្នុងបំណងដើម្បីផលប្រយោជន៍សេដ្ឋកិច្ចដល់អ្នកវិនិយោគ និងផ្នែកផ្សារភាគហ៊ុន។ តែការស្នើរបស់លោក ថាក់ស៊ីន ត្រូវបានបរាជ័យនៅពេលនោះ។ ការជំទាស់របស់ថៃកំលុងកិច្ចប្រជុំកំពូលអាស៊ាននោះដែរ ក៏អាចជាហេតុផលមួយទៀតដែលថៃចង់ឌឺឱ្យម៉ាឡេស៊ីថា ទោះបីជាថៃមិនដូរម៉ោង ក៏សេដ្ឋកិច្ចប្រទេសខ្លួននៅតែដើរទៅមុខមិនចាញ់ម៉ាឡេស៊ីដែរ។
* តើកម្ពុជាមានជំហរដូចម្តេចដែរនៅពេលនោះ?
មតិរបស់មន្ត្រីជំនាញខ្លះបានសម្តែងការគាំទ្រឱ្យដូរតាមសំណើរបស់ម៉ាឡេស៊ី ប៉ុន្តែការសម្រេចយ៉ាងណានោះ ពួកគាត់ថាអាស្រ័យលើ «ព្រះឥន្ទ» សំដៅលើសម្តេច ហ៊ុន សែន។
* សម្រាប់អ្នកប្រតិបត្តិសាសនា៖ ពុទ្ធសាសនិកត្រូវប៉ះទង្គិច មូស្លីមរួចខ្លួន
ប្រសិនបើជាឯកភាពដូរម៉ោងអាស៊ានរួមមែន អ្នកប្រតិបត្តិសាសនាព្រះពុទ្ធ ជាពិសេសព្រះសង្ឃត្រូវចេញបិណ្ឌបាតនិងឆាន់លឿនជាងមុន១ម៉ោង ដោយឡែកសម្រាប់អ្នកកាន់សាសនាឥស្លាមមិនប៉ះពាល់នោះទេ ព្រោះគេមិនគិតអំពីម៉ោងជាចម្បងឡើយ ប៉ុន្តែគេគិតអំពីពេលព្រះអាទិត្យរះនិងពេលព្រះអាទិត្យលិច ឬអាស្រ័យលើពន្លឺព្រះអាទិត្យ។
ទីបំផុត សំណើរបស់ម៉ាឡេស៊ីជាម្ចាស់ផ្ទះនិងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០១៥ ស្តីពីម៉ោងអាស៊ានតែមួយក៏ត្រូវបរាជ័យ ព្រោះពុំអាចរកកុងសង់ស៊ីស (ឯកច្ឆន្ទ) ពីប្រទេសទាំង១០បាន។ ខ្លឹមសារត្រូវបានបញ្ចប់ត្រឹមនេះ!
គួរជម្រាបថា សៀវភៅអាថ៌កំបាំងក្រៅឆាកក្រោយវាំងននរបស់មេដឹកនាំអាស៊ាននិងពិភពលោក ត្រូវបានរៀបរៀងដោយលោក ពុយ គា ជាព្រឹទ្ធាចារ្យព័ត៌មានចាស់វស្សាម្នាក់នៅកម្ពុជា ដែលបច្ចុប្បន្នលោកគឺជាអ្នកឆ្លើយឆ្លងព័ត៌មានក្យូដូនៅកម្ពុជា។ លោកជាអ្នកតាមដាន និងអង្កេតព្រឹត្តិការណ៍នានា រាល់ពេលមានកិច្ចប្រជុំអន្តរជាតិធំៗអស់រយៈពេលជាង២ទសវត្សរ៍មកហើយ៕
ចំពោះចំណេះដឹងពាក់ព័ន្ធការកំណត់ម៉ោងសកល និងការកំណត់ម៉ោងតាមប្រទេសនីមួយនោះ សូមចុចទីនេះ