(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញបានប្រារព្ធខួបលើកទី៧៥នៃទិវាបុណ្យឯករាជ្យជាតិឥណ្ឌា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅបរិវេណស្ថានទូតនៅពេលព្រឹក និងពិធីទទួលបដិសណ្ឋារកិច្ចនិងសោយភោជដែលធ្វើឡើងនៅពេលល្ងាចនៅសណ្ឋាគារ Hyatt Regency Phnom Penh។ ការទទួលស្វាគមន៍នេះត្រូវបានរៀបចំឡើងជាផ្នែកនៃពិធីបុណ្យ Iconic Week របស់ Azadi Ka Amrit Mahotsav (AKAM)។
ដើម្បីប្រារព្ធខួបលើកទី៧៥ឆ្នាំនៃឯករាជ្យភាពរបស់ប្រទេសឥណ្ឌា ពីថ្ងៃទី៨-១៦ ខែសីហា ឆ្នាំ២០២២ ស្ថានទូតបានរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់ពេញមួយសប្តាហ៍ ដើម្បីអបអរសាទរសមិទ្ធិផលវប្បធម៌ សាសនា និងការអភិវឌ្ឍន៍ និងការភ្ជាប់ទំនាក់ទំនងនៃប្រទេសឥណ្ឌា និងកម្ពុជា។ AKAM គឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលឥណ្ឌា ដើម្បីអបអរសាទរ និងរំលឹកខួប៧៥ឆ្នាំនៃការរីកចម្រើនរបស់ឥណ្ឌា និងប្រវត្តិសាស្រ្តដ៏រុងរឿងរបស់ប្រជាជន វប្បធម៌ និងសមិទ្ធផលរបស់ខ្លួន។
ពិធីនាពេលព្រឹកនេះបានចាប់ផ្តើមជាមួយនឹងការបង្ហូតទង់ជាតិ ដោយលោកស្រី ទេវ្យានី ខូប្រាហ្កាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងការអានសុន្ទរកថារបស់ប្រធានាធិបតីឥណ្ឌាដែលបានថ្លែងទៅកាន់ប្រជាជាតិទាំងមូល។ ប្រធានាធិបតីឥណ្ឌាក្នុងសុន្ទរកថារបស់លោកស្រី បានលើកឡើងអំពីប្រធានបទជាច្រើនរួមទាំងដំណើររបស់ឥណ្ឌាតាំងពីឯករាជ្យ ខ្លឹមសារនៃរដ្ឋធម្មនុញ្ញឥណ្ឌា សិទ្ធិស្ត្រីក្នុងការបោះឆ្នោតតាំងពីដើមដំបូងនៃសាធារណរដ្ឋ ការប្រារព្ធថ្ងៃទី១៥ វិច្ឆិកា ជា Janajatiya Gaurav Divas' ជាការគោរពចំពោះវីរបុរសកុលសម្ព័ន្ធនៃប្រទេសឥណ្ឌា ដំណើរស្វែងរករបស់ឥណ្ឌាសម្រាប់ Atmanirbhar Bharat (ឥណ្ឌាដែលពឹងផ្អែកលើខ្លួនឯង) ការចាក់វ៉ាក់សាំងចំនួន២០០លានរបស់ប្រទេសឥណ្ឌា កំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាជាដើម ប្រធានាធិបតីឥណ្ឌាបានលើកឡើងជាពិសេសចំពោះស្រ្តីជាច្រើន រួមទាំងស្ត្រីជាប់ឆ្នោតជាងដប់៤០០,០០០នាក់តំណាងឱ្យប្រទេសឥណ្ឌានៅក្នុងស្ថាប័ន Panchayati Raj (មន្ត្រីថ្នាក់មូលដ្ឋាន)។
បន្ទាប់ពីសុន្ទរកថារបស់លោកប្រធានាធិបតី លោកស្រី ទេវ្យានី បានសន្ទនាជាមួយសមាជិកសហគមន៍ឥណ្ឌាជុំវិញការទទួលទានអាហារជាមួយគ្នា។
ពិធីទទួលបដិសណ្ឋារកិច្ចនិងសោយភោជនៅពេលល្ងាច បានធ្វើឡើងដើម្បីប្រារព្ធពិធីរំលឹកខួបលើកទី៧៥នៃឯករាជ្យភាពឥណ្ឌា និងខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងឥណ្ឌានិងកម្ពុជា។ ពិធីនេះបានប្រព្រឹត្តទៅដោយក្រោមអធិបតីភាពលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី តំណាងរាជរដ្ឋាភិបាលកម្ពុជា ក្រុមខ្សែរាជវង្ស ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី លោក លី ធុច លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ស្រ៊ី ថាំរ៉ុង ប្រតិភូរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងចំណោមអ្នកដទៃទៀត។ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា ឯកអគ្គរាជទូតនៃបេសកកម្មការទូត ឧកញ៉ា អ្នកឧកញ៉ា និងភ្ញៀវកិត្តិយស និងសមាជិកសហគមន៍ឥណ្ឌាមកពីគ្រប់មជ្ឈដ្ឋានបានចូលរួមអបអរសាទរក្នុងឱកាសនេះ។
នៅក្នុងសុន្ទរកថា លោកស្រីឯកអគ្គរដ្ឋទូតបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដល់ប្រជាជនឥណ្ឌា ដែលរស់នៅក្នុងប្រទេសឥណ្ឌាក្នុងឱកាសខួបលើកទី៧៦ ទិវាបុណ្យឯករាជ្យជាតិ និងបានលើកឡើងពីដំណើររបស់ឥណ្ឌាចាប់តាំងពីឆ្នាំ១៩៤៧។ ក្នុងឱកាសខួបលើកទី៧០ នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌា លោកស្រីបានសម្តែងការពេញចិត្តចំពោះគន្លងនៃកិច្ចសហប្រតិបត្តិការ៧០ឆ្នាំរវាងប្រទេសទាំងពីរ និងបានរំលឹកឡើងវិញនូវការតាំងចិត្តរបស់ឥណ្ឌា ក្នុងការពង្រឹងទំនាក់ទំនងលើផ្នែករបស់ខ្លួន ដោយបន្ថែមវិមាត្រថ្មីបន្ថែមទៀតដល់ភាពជាដៃគូរបស់ប្រទេសទាំងពីរ។
លោកស្រី អ៉ឹង កន្ថាផាវី ថ្លែងក្នុងសុន្ទរកថាជូនពរពលរដ្ឋឥណ្ឌាក្នុងថ្ងៃបុណ្យឯករាជ្យជាតិលើកទី៧៦ និងអបអរសាទរប្រទេសឥណ្ឌាចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់ខ្លួនលើគ្រប់វិស័យ។ លោកស្រីរដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ខួប៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងឥណ្ឌានិងកម្ពុជា នឹងនាំឱ្យកាន់តែមានភាពប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ កិច្ចសហប្រតិបត្តិការ និងជាពិសេសបានកត់សម្គាល់ពីការកើនឡើងនៃពាណិជ្ជកម្មទ្វេភាគី។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់ឥណ្ឌាលើវ៉ាក់សាំងកូវីដដល់កម្ពុជា ការគាំទ្រដល់មូលនិធិ ឆ្លើយតបនឹងជំងឺកូវីដរបស់អាស៊ាន។ លោកស្រីក៏បានស្វាគមន៍ចំពោះការកំណត់ឆ្នាំ២០២២ជាឆ្នាំមិត្តភាពអាស៊ានផងដែរ។
លោកស្រីឯកអគ្គរដ្ឋទូត និងជាភ្ញៀវកិត្តិយសបានថ្វាយព្រះពរចំពោះព្រះរាជសុខភាព និងសុភមង្គលរបស់ព្រះករុណាព្រះមហាក្សត្រនិងសម្តេចម៉ែ និងប្រជាជននិងមិត្តភាពនៃប្រទេសឥណ្ឌានិងកម្ពុជា។
ពិធីនេះក៏បានដាក់តាំងពិព័រណ៍រូបថតស្តីពីដំណើររបស់ឥណ្ឌាតាំងពីឯករាជ្យ។ ភ្ញៀវក៏ទទួលបានការសម្តែងរបាំ Bharatanatyam ឥណ្ឌាដ៏ជក់ចិត្តលាយឡំជាមួយតន្ត្រីខ្មែរដែលសំដែងដោយគ្រូរបាំឥណ្ឌាលោក Kapil Sharma។ មេចុងភៅ Jhupa Singh ដែលពិសេសបានហោះហើរពីប្រទេសឥណ្ឌាសម្រាប់ការប្រារព្ធពិធី AKAM បានផ្តល់បទពិសោធន៍ដ៏ប្រណីតនៃការទទួលទានអាហារឥណ្ឌាយ៉ាងពិសេសដល់ភ្ញៀវ៕