(ពោធិ៍សាត់)៖ កម្លាំងមន្ដ្រីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ហ៊ុយ ភារម្យ ប្រធានសាខាកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ បានបើកយុទ្ធនាការចុះត្រួតពិនិត្យ គុណភាព ផលិតផលម្ហូបអាហារ នៅផ្សារសាមគ្តីត្រគរ និងផ្សារថ្មីពោធិ៍សាត់ ស្ថិតក្នុងទីរួមខេត្តពោធិ៍សាត់ដើម្បីរកឲ្យឃើញទំនិញ ខូចគុណភាព និងហួសកាលបរិច្ឆេទ។
ជាលទ្ធផលមន្ដ្រីជំនាញ បានរកឃើញសារធាតុគីមីហាមឃាត់ ប្រភេទ Borax ដែលមាននៅក្នុងណែមសាច់ត្រី ប្រមាណ៤២គីឡូក្រាម និងបានរឹបអូសផលិតផល ដែលហួសកាលបរិច្ឆេទផងដែរ។ មន្រ្តីកាំកុងត្រូលខេត្ត បានឲ្យដឹងថា បន្ទាប់ពីរកឃើញសារធាតុគីមីរួចមក កម្លាំងជំនាញបានយកទៅដុតកម្ទេចចោលតែម្តង។
ជាមួយគ្នានេះ មន្ដ្រីជំនាញបានធ្វើការណែនាំ ចែកផ្ទាំងរូបភាពអប់រំ ស្តីពីសុវត្ថិភាពម្ហូបអាហារដល់អាជីវករ និងប្រជាពលរដ្ឋផងដែរ ដើម្បីចូលរួមទាំងអស់លើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ដែលបានទៅទិញមុខទំនិញនៅតាមទីផ្សារ។
បើតាមមន្រ្តីដដែល សម្រាប់យុទ្ធនាការ កម្លាំងកាំកុងត្រូលដឹកនាំដោយលោក ហ៊ុយ ភារម្យ នឹងធ្វើឡើងជាបន្តបន្ទាប់នៅតាមផ្សារ នានា និងតូបលក់ដូរនៅក្នុងខេត្តទាំងមូលតែម្តង៕