(ភ្នំពេញ)៖ ព្រឹត្តិការណ៍ «សិល្បៈខ្មែរ» ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសមាគមសិល្បៈវប្បធម៌ខ្មែរនៅប្រទេសបារាំង នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នាសាលសន្និសីទចតុម្មុខ មានក្នុងគោលបំណងថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ។

ក្នុងពិធីបើកព្រឹត្តិការណ៍នេះ លោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការ និងជាតំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់សមាគមសិល្បៈវប្បធម៌ខ្មែរនៅប្រទេសបារាំង ដែលតែងតែចូលរួមចំណែកផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អជាមួយក្រសួងប្បធម៌និងវិចិត្រសិល្បៈ ក្នុងការលើកកម្ពស់ និងលើកតម្កើងសិល្បៈវប្បធម៌ជាតិ។

កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានអនុញ្ញាតឲ្យគណៈប្រតិភូសមាគមគ្រូពេទ្យ សមាគមឱសថការី សមាគមសិល្បៈវប្បធម៌ខ្មែរ នៅប្រទេសបារាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា។ នៅក្នុងជំនួបនេះ សមាគមសិល្បៈវប្បធម៌ខ្មែនៅប្រទេសបារាំង មានគោលបំណងសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសម្ដែងសិល្បៈរួមគ្នា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចង់ឲ្យសិល្បករ សិល្បការិនី ដែលមកពីប្រទេសបារាំង បានសិក្សាស្វែងយល់ពីសិល្បៈដ៏មានតម្លៃរបស់ដូនតា និងជំរុញលើកទឹកចិត្តប្រជាជនខ្មែរនៅក្រៅប្រទេស ឲ្យជួយថែរក្សាសិល្បៈវប្បធម៌ជាតិ ក៏ដូចជាជួយផ្សព្វផ្សាយសិល្បៈដ៏ផូរផង់របស់ជាតិឲ្យបានទូលំទូលាយ។

ក្នុងនោះផងដែរ សមាគមគ្រូពេទ្យ និងសមាគមឱសថការី បានឲ្យដឹងថា សមាគមនឹងចុះជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងចែកអំណោយនៅស្រុកស្អាង ខេត្តកណ្ដាល និងស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមរបាយការណ៍របស់លោកស្រី នីកូឡា ម៉ាទីន ប្រធានសមាគមសិល្បៈវប្បធម៌ខ្មែរ និងលោកស្រី ម៉េឡានី វង្ស ប្រធានប្រតិភូ បានឲ្យដឹងថា ការណ៍ដែលសមាគម សហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំព្រឹត្តិការណ៍ដ៏មានសារប្រយោជន៍នេះឡើង គឺក្នុងគោលបំណងថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិឱ្យបានគង់វង្ស តាមរយៈការបណ្ដុះបណ្ដាលផ្នែកសិល្បៈរបាំបុរាណដល់កូនខ្មែរដែលរស់នៅប្រទេសបារាំង ស្របតាមគោលនយោបាយជាតិស្ដីពីវិស័យវប្បធម៌ គឺការលើកស្ទួយនិងជំរុញឧស្សាហកម្មវប្បធម៌ ជំរុញឱ្យមានការផ្ទេរចំណេះដឹង ជំនាញ ទេពកោសល្យប្រពៃណីទៅយុវជនជំនាន់ក្រោយ។

លោកស្រី ម៉ិញ កុសនី បានចាត់ទុកថា «ការបំពេញទស្សនកិច្ចមនុស្សធម៌របស់សមាគម នាឱកាសនេះ មិនត្រឹមតែជាការចូលរួមថែរក្សាវប្បធម៌របស់ជាតិទេ គឺជាឱកាសរបស់ក្មួយៗ សិល្បករនៅប្រទេសបារាំង បានរៀនសូត្រពីព្រឹទ្ធាចារ្យ សាស្ត្រាចារ្យ និងលោកគ្រូ អ្នកគ្រូ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំផ្នែករបាំព្រះរាជទ្រព្យ ព្រមទាំងបានសិក្សាស្វែងយល់ពីសិល្បៈដ៌មានតម្លៃរបស់ដូនតា និងជំរុញលើកទឹកចិត្តប្រជាជនខ្មែរនៅក្រៅប្រទេសឲ្យជួយថែរក្សាសិល្បៈវប្បធម៌ជាតិ ក៏ដូចជាជួយផ្សព្វផ្សាយសិល្បៈដ៌ផូរផង់របស់ជាតិឲ្យបានទូលំទូលាយទៅលើឆាកជាតិ និងអន្តរជាតិ»។

លោកស្រីបន្តថា លើសពីនេះទៀតសោត ទស្សនកិច្ចនេះ គឺបានបង្ហាញឱ្យឃើញពីទិដ្ឋភាពពិតប្រាកដល់បងប្អូន ដែលរស់នៅក្រៅប្រទេសបានមើលឃើញអំពីការអភិវឌ្ឍរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ព្រឹត្តិការណ៍នេះ អាចដំណើរការទៅបាន គឺដោយកត្តាប្រទេសជាតិ មានសុខសន្ដិភាព និងគោលនយោបាយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ បានប្រកបដោយប្រសិទ្ធភាព ទើបមានការបើកប្រទេសឡើងវិញ និងយើងមានឱកាសជួបគ្នា និងសម្ដែងរួមគ្នាដោយផ្ទាល់នាពេលនេះ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសស្វាគមន៍ចំពោះអង្គការ សមាគម ដែលធ្វើការងារពាក់ព័ន្ធនឹងសិល្បៈវប្បធម៌ខ្មែរនៅបណ្ដាប្រទេសផ្សេងៗ ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ជាដើម ប្រសិនជាមានគោលបំណងក្នុងការចូលរួមលើកស្ទួយ និងផ្សព្វផ្សាយសិល្បៈវប្បធម៌៕